Connect with us

ព័ត៌មាន

ប្រតិភូក្រុមហ៊ុន JAPFA Group ឈ្វេងយល់លើការវិនិយោគវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម​នៅកម្ពុជា

គណៈប្រតិភូនៃក្រុមហ៊ុន JAPFA Group ជាក្រុមហ៊ុនកសិ-ចំណីអាហារឈានមុខមួយនៅអាស៊ី បាន​អញ្ជើញមកទស្សនកិច្ចសិក្សា ស្វែងយល់ពីបរិយាកាសវិនិយោគ និងស្វែង​រ​ក​កា​លា​នុវត្តភាព​វិនិយោគ​នៅ​ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០២៦​នេះ បានទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូ JAPFA Group ដឹកនាំ​ដោយ​លោក Mark Gerald Eman នាយកក្រុមហ៊ុន ដែលជាក្រុមហ៊ុនកសិ-ចំណីអាហារ (agri-food) ឈានមុខមួយនៅអាស៊ីដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧១ នៅប្រទេសឥណ្ឌូនេស៊ី ដោយមានបទ ពិសោធន៍ប្រមាណ ៥៥ឆ្នាំ ក្នុងការផលិត និងផ្គត់ផ្គង់ផលិតផលប្រូតេអ៊ីនសំខាន់ៗ និងអាហារវេចខ្ចប់។ បច្ចុប្បន្នក្រុមហ៊ុននេះមាន ប្រតិបត្តិការនៅប្រទេសឥណ្ឌូនេស៊ី វៀតណាម ឥណ្ឌា មីយ៉ាន់ម៉ា និងបង់ក្លាដែស។ ក្រុមហ៊ុន JAPFA Group អនុវត្តគំរូអាជីវកម្ម រួមបញ្ចូលគ្នានូវខ្សែច្រវាក់តម្លៃទាំងមូល “Feed–Farm–Food” ចាប់ពីការផលិតចំណីសត្វ កសិដ្ឋានចិញ្ចឹមសត្វ ការកែច្នៃ រហូតដល់ ការផលិត និងចែកចាយផលិតផលអាហារសម្រាប់អ្នកប្រើប្រាស់ និងវិស័យសេវាកម្មម្ហូបអាហារ។

ក្នុងជំនួបនោះ, ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះគណៈប្រតិភូក្រុមហ៊ុន JAPFA Group ដែលបានអញ្ជើញមកកម្ពុជា ស្វែងយល់ពីបរិយាកាសវិនិយោគ និងស្វែងរកកាលានុវត្តភាពវិនិយោគនៅក្នុងវិស័យ កសិកម្ម និងកសិ-ឧស្សាហកម្ម។ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនពីច្បាប់ស្តីពីវិនិយោគ ជាពិសេសរបបលើកទឹកចិត្តដែលមាន ភាពទាក់ទាញ និងគោលនយោបាយគាំទ្រផ្សេងៗ ដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញ ដើម្បីលើកកម្ពស់សកម្មភាពធុរកិច្ច និង វិនិយោគ និងបានលើកឡើងពីការដាក់ចេញនូវ “ក្របខណ្ឌអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា” នាពេលកន្លងមក ដើម្បីទាក់ ទាញវិនិយោគឯកជនក្នុងគោលដៅជំរុញការកែច្នៃកសិផល និងបង្កើនតម្លៃបន្ថែមនៃវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ។

លោក Mark Gerald Eman បានលើកឡើងអំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានទទួលស្គាល់ថា ច្បាប់ ស្តីពីវិនិយោគរបស់កម្ពុជាពិតជាមានភាពបើកចំហ មានតម្លាភាព ហើយរបបលើកទឹកចិត្តមានភាពប្រកួតប្រជែង ព្រមទាំងមានក្រប ខណ្ឌគោលនយោបាយដោយឡែកសម្រាប់គាំទ្រដល់វិស័យកសិឧ-ស្សាហកម្ម និងបានចាត់ទុកកម្ពុជាគឺជាគោលដៅវិនិយោគផងដែរ។

ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះគោលបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រោះវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាមានសក្តានុពលធំធេង ដែលទាមទារឱ្យមានក្រុមហ៊ុនដែលមានជំនាញ និង បទពិសោធន៍ច្បាស់លាស់ លើមកបណ្តាក់ទុនវិនិយោគ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីវិស័យនេះ។ គណៈកម្មាធិការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនរួចរាល់ដើម្បីសម្របសម្រួល និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុន មិនត្រឹមតែនៅ ដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia