Connect with us

ព័ត៌មាន

កម្ពុជា និងទូតឥណ្ឌា រួមគ្នាអបអរសាទរ «ទិវាកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC Day)»

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងមន្រ្ដី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាលកម្ពុជា បានរួមគ្នារៀបចំពិធីអបអរសាទរ «ទិវាកិច្ចសហប្រតិបត្តិការបច្ចេកទេស និង​សេដ្ឋកិច្ចឥណ្ឌា (ITEC Day)»។

ក្នុង​ពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​អធិការ​កិច្ចបានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និង​មាន​ការ​អញ្ជើញចូលរួមពីឯកឧត្ដម ស្រ៊ី ថាមរុង្គ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោក​ជំទាវ​ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រម​ទាំង​ថ្នាក់ដឹកនាំ អតីតសិក្ខាកាម ITEC និងភ្ញៀវកិត្តិយសជាច្រើនរូប នៅសណ្ឋាគារ​សាំង​ហ្គ្រី​ឡា​ភ្នំពេញ​។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ស្ថានទូតសាធារណរដ្ឋឥណ្ឌា ដែលបានរៀបចំពិធីដ៏មានអត្ថន័យនេះឡើង ដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏យូរលង់ និងជិតស្និទ្ធ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» និងដើម្បីចូលរួមអនុវត្តតាមចក្ខុវិស័យនេះ ក្រសួងអធិការកិច្ចបានដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្ត្រ «ព៤ជ៤» ជាមួយនឹងការបណ្តុះបណ្តាលមន្ត្រីតាមរយៈ វិទ្យាស្ថានជាតិអធិការកិច្ច។ ក្នុងបរិបទនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកពីប្រសាសន៍ដ៏មានអត្តន័យរបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលសម្ដេចធ្លាប់ជាឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា ដែលបានលើកឡើងថា «ការអភិវឌ្ឍធនធានមនុស្ស គឺជាការវិនិយោគរយៈពេលវែង ដែលទាមទារពេលយ៉ាងតិច ៣០ឆ្នាំ ដើម្បីបង្កើតសសរទ្រូងរបស់ជាតិ» ដោយប្រសាសន៍នេះនៅតែមានតម្លៃយ៉ាងជ្រាលជ្រៅនាពេលបច្ចុប្បន្ន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះភាគីឥណ្ឌា ដែលតែងតែបានចូលរួមយ៉ាងសកម្មក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងបានសម្តែងនូវការសោកស្តាយដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវរងការរំខានយ៉ាងធ្ងន់ធ្ងរដោយសារការឈ្លានពានខុសច្បាប់នាពេលកន្លងមកពីសំណាក់ប្រទេសថៃ ដែលបានបង្កការខូចខាតដល់ប្រាសាទព្រះវិហារ និងសង្ឃឹមថាភាគីឥណ្ឌានឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងការការពារ និងថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធី ITEC មិនត្រឹមតែបានចូលរួមចំណែកក្នុងការកសាងសមត្ថភាពមន្ត្រីរាជការរបស់កម្ពុជាលើច្រើនវិស័យ និងបង្កើតចំណងមិត្តភាពយ៉ាងរឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរនោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏មានតម្លៃក្នុងការបណ្តុះបណ្តាលជំនាញថ្មីៗជាច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជានាពេលអនាគត ព្រមទាំងបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការតាមរយៈកម្មវិធី ITEC និងក្របខណ្ឌពហុភាគីនានា ដូចជា អាស៊ាន និងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នឹងបន្តពង្រឹងស្ថាប័ន និងអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរឹងមាំ ដើម្បីជាគ្រឹះក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា កាន់តែរីកចម្រើនឥតឈប់ឈរ៕

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia