Connect with us

ព័ត៌មាន

សម្ដេចធិបតីហាមមិនឱ្យមានកាស៊ីណូនៅខេត្តសៀមរាប និងណែនាំឱ្យពិនិត្យកាស៊ីណូដែលមានក្នុងប្រទេសឡើងវិញ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានថា មិនអនុញ្ញាតឱ្យមានការបង្កើត កាស៊ីណូនៅក្នុងខេត្តសៀមរាបឡើយ និងបានណែនាំឱ្យមានការពិនិត្យឡើងវិញផងដែរលើកាស៊ីណូ ដែលមានស្រាប់ចំនួនជាង១០០នៅទូទាំងប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នៅថ្ងៃទី១៦ ខែកញ្ញា នេះ បានចោទសួរអំពីថាតើវាមានភាពចាំបាច់ទេ ដែលត្រូវមានកាស៊ីណូច្រើន ខណៈដែលកម្ពុជានឹងមិនពឹងផ្អែកលើការស៊ីណូដើម្បីជំរុញសេដ្ឋកិច្ចនោះឡើយ។ ការបង្កើតកាស៊ីណូ វាគ្រាន់តែជាផ្នែកមួយនៃវិស័យទេសចរណ៍ប៉ុណ្ណោះ។

សម្ដេចធិបតី បានបញ្ជាក់ថា (រាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកកាស៊ីណូនៅតាមព្រំដែនដើម្បីទាញសកម្មភាព សេដ្ឋកិច្ចផ្សេងទៀត ដើម្បីបង្កើតសេដ្ឋកិច្ចផ្សេងទៀត មិនមែនដើម្បីមានបានដោយសារកាស៊ីណូទេ។ ដូចនៅម៉ាកាវ ឡាស់វេហ្គាស មិនមែនមនុស្សទៅលេងដើម្បីមានបានដោយសារកាស៊ីណូទេ គឺដើម្បីបង្កើតភោជនីយដ្ឋាន ផលិតផលទេសចរណ៍ផ្សេងៗ ដែលការលេងតិចតួចជាការអម។ វាជាផ្នែកមួយតូចនៃសេវាកម្មទេ វាមិនមែនជាស្នូលទេ។ ដូច្នេះការសុំអាជ្ញាធរបណ្ណនៅខេត្តសៀមរាប គឺដាច់ខាតមិនអនុញ្ញាតក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ដូច្នេះកុំមកសុំអាជ្ញាបណ្ណនៅខេត្តសៀមរាប ។ ធ្វើសណ្ឋាគារ ឬអ្វីផ្សេងអនុញ្ញាតឱ្យធ្វើ តែកាស៊ីណូ គឺអត់ទេ។ បើវាដួលរលំដោយសារអត់កាស៊ីណូ ក៏រលំទៅចុះ។

សូមបញ្ជាក់ថា មកដល់ខែកញ្ញានេះ ក្នុងប្រតិបត្តិការបោសសម្អាតទីតាំងពាក់ព័ន្ធនឹងសកម្មភាព Online Scams អាជ្ញាធរកម្ពុជា បានកំណត់មុខសញ្ញាកាស៊ីណូ ចំនួន១៨ និងដកហូតអាជ្ញាបណ្ណ ចំណែកឯ៩កាស៊ីណូផ្សេងទៀត ត្រូវបានព្យួរអាជ្ញាបណ្ណ និងស្ថិតក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរក និងប្រមូលភស្តុតាងដាក់បន្ទុក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia