ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ គ.ជ.គ.ម. អញ្ជើញធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីភាពធន់នឹងគ្រោះមហន្តរាយ នៅប្រទេសហ្វីលីពីន
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីភាពធន់នឹងគ្រោះមហន្តរាយ (ASEAN Ministerial Conference on Disaster Resilience – AMCDR) ដែលរៀបចំឡើងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងឱកាសនេះ ឯកឧត្តម គីម វីរៈ បានចូលរួមផ្តល់មតិយោបល់ និងអន្តរាគមន៍ក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រី ដែលដឹកនាំដោយឯកឧត្តម Gilberto C. Teodoro Jr. រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងតំណាងជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន ព្រមទាំងអគ្គលេខាធិការរងអាស៊ាន។
កិច្ចប្រជុំបានផ្តោតលើការផ្លាស់ប្តូរបទពិសោធន៍ និងមេរៀនដែលទទួលបានពីការអនុវត្តជាក់ស្តែង ការពង្រឹងការប្តេជ្ញាចិត្តរួម និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងការត្រៀមបង្ការ កាត់បន្ថយហានិភ័យ ឆ្លើយតប និងស្តារឡើងវិញពីគ្រោះមហន្តរាយ ព្រមទាំងការកសាងភាពធន់របស់សហគមន៍ និងប្រជាជននៅទូទាំងតំបន់។
ជាមួយគ្នានេះ «សេចក្តីប្រកាសទីក្រុងម៉ានីល ស្តីពីការជំរុញរបៀបវារៈភាពធន់នឹងគ្រោះមហន្តរាយរបស់អាស៊ាន ឆ្ពោះទៅឆ្នាំ ២០៣០ និងលើសពីនេះ» (Manila Declaration on Advancing ASEAN’s Disaster Resilience Agenda towards 2030 and Beyond) ត្រូវបានរៀបចំក្នុងក្របខណ្ឌកិច្ចប្រជុំ AMCDR បានអនុម័តជាផ្លូវការ ដោយប្រធានអង្គប្រជុំ។
បន្ទាប់ពីនោះឯកឧត្តម គីម វីរៈ បានបន្តចូលរួមក្នុងកិច្ចប្រជុំ និងវេទិកាកម្រិតបច្ចេកទេសនានា ដែលផ្តោតលើការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ មេរៀនដែលទទួលបាន និងអនុសាសន៍ពីអ្នកជំនាញ និងតំណាងមកពីបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងសហគមន៍អន្តរជាតិ ស្របតាមទិសដៅ និងគោលបំណងយុទ្ធសាស្ត្ររបស់ ADMMER។
ក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តម គីម វីរៈ ក៏បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងប្រទេសអាស៊ាន ព្រមទាំងដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងបន្តជំរុញភាពជាដៃគូក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្រិតតំបន់។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម បានអញ្ជើញចូលរួមក្នុង កម្មវិធីបិទកិច្ចប្រជុំ ដែលមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម Gilberto C. Teodoro Jr. រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន ព្រមទាំងរដ្ឋមន្ត្រី តំណាងជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ាន។
ក្នុងឱកាសពិធីបិទមានការប្តេជ្ញាចិត្តរួមរបស់ប្រទេសសមាជិកអាស៊ាន ក្នុងការបន្តអនុវត្តកម្មវិធីការងារ ADMMER និងពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការត្រៀមបង្ការ ឆ្លើយតប និងស្តារឡើងវិញប្រកបដោយប្រសិទ្ធភាព ចំពោះហានិភ័យ និងបញ្ហាប្រឈមពីគ្រោះមហន្តរាយ ដែលកំពុងវិវត្តកាន់តែស្មុគស្មាញ និងមានលក្ខណៈពហុវិស័យ។
ជារួម ការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូកម្ពុជា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីភាពធន់នឹងគ្រោះមហន្តរាយ បានបង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកដល់ សាមគ្គីភាព ឯកភាព និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ព្រមទាំងការចូលរួមប្រកបដោយស្ថាបនា ក្នុងការពង្រឹងយន្តការ និងក្របខណ្ឌសហប្រតិបត្តិការតំបន់ សម្រាប់ការត្រៀមបង្ការ ការកាត់បន្ថយហានិភ័យ ការឆ្លើយតប និងការកសាងភាពធន់នឹងគ្រោះមហន្តរាយ។
ក្នុងនាមកម្ពុជា បានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ដោយផ្តោតលើការការពារជីវិត សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពរបស់ប្រជាជន ព្រមទាំងការរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានដែលមានភាពធន់ សុវត្ថិភាព និងមានសមត្ថភាពប្រឈមមុខនឹងហានិភ័យ និងបញ្ហាប្រឈមពីគ្រោះមហន្តរាយនាពេលអនាគត៕






-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល