Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ១៥ ទុនសរុប ២៤៨ លានដុល្លារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន ១៥ ក្នុងនោះរោងចក្រកំពុងដំណើរការចំនួន ១០ រោងចក្រពុំទាន់ដំណើរការចំនួន ២ និងមានគម្រោង រោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើសុំចុះបញ្ជីវិនិយោគ និងកំពុងសាងសង់ ខណៈមានទុនវិនិយោគសរុបក្នុងវិស័យនេះសរុប ២៤៨ លានដុល្លារ។

សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) និងខ្សែច្រវាក់ផលិតកម្មរថយន្តម៉ាក GAC ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតីបានថ្លែងថា៖«បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន ១៥ ក្នុងនោះរោងចក្រកំពុងដំណើរការចំនួន ១០ រោងចក្រពុំទាន់ដំណើរការចំនួន ២ និងមានគម្រោង រោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើសុំចុះបញ្ជីវិនិយោគ និងកំពុងសាងស់រោងចក្រ ខណៈទុនវិនិយោគសរុបក្នុងវិស័យនេះសរុប ២៤៨ លានដុល្លារ ក្នុងនោះទុនវិនិយោគសរុបក្នុងស្រុក ២៨% និងទុនវិនិយោគពីបរទេសសរុប ៧២% ដោយបានបង្កើតការងារសរុប ២៧៧៤ កន្លែង»។

ក្នុងឱកាសនោះ សម្ដេចធិបតី ណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ពិនិត្យមើល ការកំណត់បន្ថែមទៀតនៃការពង្រីក ចំនួនក្រុមហ៊ុនដំឡើងរថយន្ត ខណៈសម្ដេចមើលឃើញថាក្រុមហ៊ុនដំឡើងរថយន្តទៅថ្ងៃក្រោយនឹងឈានទៅដល់ការផលិតកម្រិតណាមួយដែលជាការវិនិយោគធំ និងទីផ្សារចំពោះការផលិត។ ខណៈបច្ចុប្បន្នក្រុមហ៊ុន និងរោងចក្រទាំងអស់មានសមត្ថភាពផលិតរថយន្តបានចំនួន ៣៥០០០ គ្រឿងរួចទៅហើយ ដូច្នេះត្រូវពិនិត្យមើលថា តើត្រូវផ្ដល់បន្ថែមទៀត ឬត្រូវបន្ថយល្បឿនវិញ។

សម្ដេចធិបតី បានបញ្ជាក់ថា៖«កម្ពុជាមិនប្រញាប់ចង់បានរោងចក្រផ្គុំ និងដំឡើងរថយន្តច្រើននោះទេ ប៉ុន្ដែត្រូវពង្រឹងចំពោះរោងចក្រ និងក្រុមហ៊ុនដែលមានស្រាប់ និងអ្នកវិនិយោគឱ្យរស់ ឱ្យរីក ដែលមកវិនិយោគនៅកម្ពុជា»។

សម្ដេចធិបតីបានឱ្យដឹងទៀតថា ចំពោះការគិតគូរដល់វិស័យឧស្សាហកម្មគ្រឿងបង្គុំ និងដំឡើងយានយន្តនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តមួយចំនួនទៀតនាពេលខាងមុខ ដើម្បីធ្វើម៉េចឱ្យក្រុមហ៊ុនមួយចំនួនដូចជាការផលិតរថយន្តជាដើមអាចជួយទៅដល់ឧស្សាហកម្មទាំងនេះ។

សម្ដេចធិបតីថ្លែងថា៖«ភាពជោគជ័យដែលខ្ញុំនិយាយ មិនមែនទៅលើតួលេខនៃការបើកទេ ប៉ុន្ដែជាតួលេខ និងអត្រានៃការបើកហើយ ក្រុមហ៊ុន និងរោងចក្រទាំងនោះ អាចរស់ ហើយរីក។ ដូចសាលារៀនមួយអីចឹង មិនប្រាស្រ័យតួលេខទៅលើប្រមាណនាក់ទទួលសញ្ញាបត្រទេ ប៉ុន្ដែអាស្រ័យទៅលើភាគរយនៃអ្នកបានសញ្ញាបត្រហើយទទួលបានការងារធ្វើហើយរីកចម្រើន»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia