Connect with us

ព័ត៌មាន

កម្ពុជាជ្រើសរើសដំណើរការផ្សះផ្សា ដើម្បីស្តារ​ទំនុកចិត្ត​ពុំមែន​ជាទម្រង់​នៃ​ការ​បង្កើន​ភាពតាន​តឹង​ឡើយ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាភ្នាក់ងារតំណាងរបស់កម្ពុជា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ក​ម្ពុជាបានជ្រើសរើសយកយន្តការផ្សះផ្សារ នៃUNCLOS ដើម្បីស្វែង​រក​ផ្លូវ​សន្តិភាព​ទៅ​មុខ ​ស្របតាមច្បាប់អន្តរជាតិ ខណៈកម្ពុជាមើលឃើញដំណើរការផ្សះផ្សានេះថា ជា​មធ្យោបាយ​មួយ​សម្រាប់​ស្តារ​ទំនុកចិត្តឡើងវិញ ហើយពុំមែនជាទម្រង់នៃការបង្កើនភាពតានតឹងនោះឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់បែបនេះក្នុងឱកាស ផ្តល់​បទ​សម្ភាសន៍​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំរវាងគណៈកម្មការផ្សះផ្សានៃ UNCLOS ជាមួយកម្ពុជា និងថៃ នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោ ខេត្តកណ្តាល នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់​ពី​អញ្ជើញ​ត្រឡប់​ពី​ចូល​រួម​កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សា​នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​នីតិ​សមុទ្រ (​UNCLOS) រវាងកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋសិង្ហបុរី។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា គោលបំណងចម្បងរបស់កម្ពុជា គឺដើម្បី​សម្រេច​បាន​នូវ​ដំណោះ​ស្រាយ​មួយដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែក​ដល់​សន្តិភាព កិច្ចសហប្រតិបត្តិការ និងស្ថិរភាពរឹងមាំនៅក្នុងតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងថា៖«គោលបំណងរបស់កម្ពុជាក្នុងការផ្គួចផ្ដើមគំនិតឱ្យមានដំណើរ​ការ​ផ្សះផ្សា គឺដើម្បីឱ្យមាន​យន្តការ​មួយ​ដែល​ជំនួស​យ​ន្ត​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា និងថៃ ដែលយើងមានពីមុន​មក​ក្រោម​អនុស្សរណៈ​នៃ​ការ​យោគ​យល់​ឆ្នាំ​២០០១ ​ដែលថៃបានលុបជាឯកតោភាគីកាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ។ អ៊ីចឹង កម្ពុជា និង​ថៃ​វា​អស់មានយន្តការណាមួយដើម្បីយើងដោះស្រាយដោយសន្ដិវិធី និងផ្អែក​លើ​ច្បាប់​ចំពោះ​ជម្លោះរ​វាង​ព្រំដែន​នៃប្រទេសយើងទាំងពីរជាពិសេសព្រំដែនសមុទ្រនេះ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំឭកទៀតថា គោលបំណងសំ​ខាន់​ៗ​នៃ​ការ​ជ្រើស​រើស​យក​យន្ត​ការ​ផ្សះ​ផ្សានេះ​ ក៏ត្រូវបានបកស្រាយយ៉ាងច្បាស់ នៅក្នុងសេចក្ដីថ្លែងការណ៍​ពិសេស​របស់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦​កន្លង​ទៅ ​ដែលក្នុងសារនោះសម្ដេចធិបតីបានមានប្រសាសន៍ថា «កម្ពុជា ក៏ដូចជាថៃ​នឹ​ង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរភាព ក្រោមការណែនាំ​របស់​អ្នក​ជំនាញ​ផ្សះ​ផ្សាអ​ន្តរជាតិដោយស្របតាមច្បាប់អន្តរជាតិ។ ដំណោះស្រាយដោយសន្ដិវិធីនឹងផ្ដល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ ហើយនឹងរួម​ចំណែក​ផង​ដែរ​ដល់ការកសាងសន្ដិភាព និងស្ថិរភាពនៅក្នុងតំបន់»។

សូមជម្រាបថា ក្នុងសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំគណៈកម្មការផ្សះផ្សា ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី​ ប្រាក់ សុខុន បាមលើកឡើងអំពីបំណងរបស់កម្ពុជា ក្នុងការសម្រេច​ឱ្យ​បាន​នូវ​សន្ធិ​សញ្ញា​មួយ​ជាមួ​យ​ថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា ដើម្បីកំណត់​ព្រំដែន​សមុទ្រ​មួយ​ដែល​មាន​លក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឬកិច្ចព្រមព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​រួម ​និងការបែងចែកធនធានដោយសមធម៌ ខណៈពេលរង់​ចាំ​ការ​សម្រេច​កិច្ច​ព្រម​ព្រៀង​លើ​ព្រំដែន​សមុទ្រ​។ ក្នុងករណីមិនអាចសម្រេចបាននូវជម្រើសទាំងនេះ កម្ពុជានឹងស្នើឱ្យ​គណៈកម្មការ​ផ្សះ​ផ្សារៀបចំរបាយការណ៍ផ្តល់អនុសាសន៍រៀងរាល់ឆ្នាំ ប្រើជាមូលដ្ឋាន​សម្រាប់​ការ​ចរចា​នៅ​ពេលអនាគត ដោយអនុលោមតាមកាតព្វកិច្ចរបស់រដ្ឋសមាជិកក្រោមអនុសញ្ញា UNCLOS​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia