Connect with us

ព័ត៌មាន

សម្តេចធិបតី៖ គិតត្រឹមខែកក្កដា មានក្រុមហ៊ុន និងរោងចក្រចំនួន ៣៣៥៧ ប្រើប្រាស់កម្លាំង​ជាង​ ១លាន៣សែននាក់

សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា គិតត្រឹមខែកក្កដា ឆ្នាំ​២០២៦នេះ វិស័យឧស្សាហកម្មនៅកម្ពុជា មានក្រុមហ៊ុន រោងចក្រ ដែលបានចុះបញ្ជីរួច ចំនួន​៣,៣៥៧ រោងចក្រសហគ្រាស ហើយបានថ្ពក់កម្លាំងពលកម្មរហូតដល់ជាងមួយលានបីសែននាក់ ដោយ​ក្នុង​នោះស្រ្តីស្ទើរ​តែជិតមួយលាននាក់។

នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់​ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាកផលិតកម្មម៉ាក GACនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានប្រកាសថា វិស័យឧស្សាហកម្មកម្ពុជា គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ២០២៦នេះ មានក្រុមហ៊ុន និងរោងចក្រចំនួន ៣៣៥៧ រោងចក្រ ដែល​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ នៅតាមបណ្ដារាជធានី ខេត្តទាំង ២៥ របស់​កម្ពុជា ដែលប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន១,៣លាននាក់ ក្នុងនោះស្រ្ដីជាង ៩០​ម៉ឺន​នាក់ ភាគច្រើននៅក្នុងវិស័យកម្មន្តសាល វាយនភណ្ឌ ដែលមានទុនសរុប ២៨ពាន់លានដុល្លារ កើន​ឡើង​ជាង ៦​ពាន់លានដុល្លារ ស្មើនឹង ២៨,៨២% បើធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥​។

សម្ដេចធិបតី បានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជា មានរោងចក្រផ្គុំ ដំឡើងរថយន្តចំនួន១៥ ដែល​កំពុងដំណើរ ១០ មិនទាន់ដំណើរការ២ និងមាន​គម្រោងវិ​និយោគ​ផ្គុំ​ដំឡើង​រថយន្ត​បី​ផ្សេង​ទៀត ដែលបានស្នើសុំចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ ទុន២៤៨លានដុល្លារ ដែល​ទុនក្នុងស្រុក២៨ភាគរយ និងទុនបរទេស ៧២ភាគរយ បង្កើតការងារ២៧៧៤កន្លែង ដែល​ជា​កន្លែងជំនាញ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបង្ហាញនូវមោទនភាពផងដែរ បន្ទាប់​ពី​វិស័យ​ឧស្សាហ​កម្ម​នៅក​ម្ពុជា​បា​នមានសន្ទុះឡើងជាបន្តបន្ទាប់ជាក់ស្ដែង, ចំណែកនៃវិស័យឧស្សាហកម្មក្នុង ផ.ស.ស មាន​ប្រមាណ១២,៦% នៅឆ្នាំ១៩៩៣ ឥឡូវកើនរហូតទៅដល់៤២,៣% ក្នុងឆ្នាំ២០២៥ ជាមួយ​នឹង​និន្នាការ​បន្តកើនឡើង។ សម្ដេចបន្តថា រាជរដ្ឋាភិបាល​សម្រេច​បាន​ជោគជ័យ​បន្ត​បន្ទាប់​ក្នុង​ការ​ធ្វើ​បរិវត្ត​កម្ម​វិស័យ​ឧស្សាហកម្ម​ពី​ឧស្សាហ​កម្ម​ពឹង​ផ្អែក​ចម្បង​លើ​កម្លាំង​ពលកម្ម​ទៅ​ជា​ឧស្សាហ​កម្ម​ដែល​ប្រើប្រា​ស់ជំនាញ និងបច្ចេកវិទ្យាកាន់តែខ្ពស់នោះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia