Connect with us

ព័ត៌មាន

អនុប្រធានសមាគមអតីតយុទ្ធជនប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមមហាសន្និបាត VECONAC លើកទី២៥ នាពេលខាងមុខ

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលសមាគម ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ វេទិកាធុរកិច្ច និងមហាសន្និបាតសហព័ទ្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន VECONAC លើកទី២៥ ដែលនឹងប្រព្រឹត្តទៅនាខែតុលា ឆ្នាំ២០២៦ខាងមុខ។

ជាកិច្ចចាប់ផ្តើម ក្រុមការងារគណៈកម្មការជំនាញទាំង៦នៃលេខាធិការដ្ឋានVECONAC បានធ្វើរបាយការណ៍ពីការប្រុងប្រៀប និងអនុវត្តបាន ដើម្បីត្រៀមលក្ខណៈរួចរាល់១០០ភាគរយសម្រាប់ភាពជាម្ចាស់ផ្ទះដឹកនាំមហាសន្និបាត VECONAC ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ឯកឧត្តម គន់ គីម វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញនីមួយៗ ដែលបានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ និងមានលក្ខណៈត្រៀមខ្លួនស្របតាមផែនការដែលបានគ្រោងទុក។ ក្នុងនោះ ឯកឧត្តម មានប្រសាសន៍ថា ក្នុងនាមជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ វេទិកាធុរកិច្ច និងមហាសន្និបាតសហព័ទ្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន VECONAC លើកទី២៥ ពិតជាមានសារៈសំខាន់ស្របពេលការវិវឌ្ឍន៍ក្នុងតំបន់មានការផ្លាស់ប្តូរ និងទាមទារអោយមានការចូលរួមជាទស្សនៈទានពីបណ្តាសមាជិកនៃសហព័ទ្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន។

ទន្ទឹមគ្នានេះ ឯកឧត្តម គន់ គីម មានប្រសាសន៍ណែនាំដល់ក្រុមការងារជំនាញត្រូវរៀបចំឯកសារដែលជាធាតុចូលឱ្យបានម៉ត់ចត់ ដើម្បីដាក់បញ្ជូលទៅក្នុងរបៀបវរៈនៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ ឱ្យស្របតាមធម្មនុញ្ញរបស់សហព័ទ្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន។

ឯកឧត្តម គន់ គីម បានជំរុញឱ្យក្រុមការងារជំនាញគ្រប់ជំនាញទាំងអស់របស់លេខាធិការដ្ឋាន VECONAC ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងពន្លឿនការងារនានាឱ្យរួចរាល់មុនព្រឹត្តិការណ៍ឈានមកដល់ ដោយប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ។

សូមជម្រាបថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨០ ដែលមានភារកិច្ចប្រមូលផ្តុំ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់សមាគមអតីតយុទ្ធជននៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីកិច្ចសហប្រតិបត្តិការជាឧត្តមប្រយោជន៍ដល់អតីតយុទ្ធជន រួមទាំងអ្នករងរបួស និងក្រុមគ្រួសារ ដោយរួមចំណែកដល់សន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia