Connect with us

ព័ត៌មាន

សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន

នៅរសៀលថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២៦ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Koula Sohianou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីប (Cyprus) ចូលជួបជូនសារតាំងនិងសម្តែងការគួសមវិមានសាមគ្គីភាព។

តាមប្រភពព័ត៌មានពីឯកឧត្តមជាធីរិទ្ធអ្នកនាំពាក្យសម្តេចតេជោឱ្យដឹងថាក្នុងជំនួបទទួលសារតាំងនេះសម្តេចតេជោប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រ បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ Koula Sohianou ដែលទទួលបានការតែងតាំង ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានសម្ដែងក្តីសង្ឃឹមថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ នឹងចូលរួមចំណែកជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងស៊ីប ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប លោកជំទាវ Koula Sohianou បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបជូនសារតាំង និងសម្ដែងការគួរសម។ លោកជំទាវ បានសម្ដែងការគោរពចំពោះសម្ដេចតេជោ ក្នុងនាមជាឥស្សរជន ដែលមានភាពល្បីល្បាញទាំងក្នុងឆាកជាតិ និងអន្តរជាតិ ហើយបានគូសបញ្ជាក់ពីចំណងទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងស៊ីប។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងពង្រីក និងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ ការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន ព្រមទាំងវិស័យសេដ្ឋកិច្ច។

សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការលើកឡើង របស់លោកជំទាវ និងបានចាត់ទុកកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាចំណុចសំខាន់មួយសម្រាប់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេច បានលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីប បន្តខិតខំស្វែងរកឱកាស និងយន្តការថ្មីៗ ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម ទ្វេភាគី ឱ្យកាន់តែរីកចម្រើន។ សម្ដេចក៏បានសម្ដែងក្តីសង្ឃឹមថា សាធារណរដ្ឋស៊ីប នឹងមានឱកាស និងលទ្ធភាពបង្កើន ការវិនិយោគនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរ លោកជំទាវ Koula Sohianou ទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូត និងភារកិច្ចរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia