Connect with us

ព័ត៌មាន

ជប៉ុនស្រូបយកទំនិញកម្ពុជាមានទឹកជាង ១,២ពាន់លានដុល្លារ ឈរក្នុងលំដាប់ទី៤ នៃ​ការ​នាំ​ចេញ​សរុប

កម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារជប៉ុន នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ មានទឹកប្រាក់សុរបជាង ១,២ ពាន់លាន ដុល្លារអាមេរិក កើនជាង ២២ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដោយទីផ្សារមួយនេះឈរក្នុងលំដាប់ទី៤ នៃការនាំចេញសរុប របស់កម្ពុជា។

ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានកើនឡើងជាបន្តបន្ទាប់ និងមានសមតុល្យពាណិជ្ជកម្មប្រហាក់ប្រហែលគ្នា ដោយទីផ្សារប្រទេសជប៉ុនបានកំពុង គាំទ្រដល់ការនាំចេញរបស់កម្ពុជា ឈកក្នុងលំដាប់ទី៤ បន្ទាប់ពីការនំាចេញទៅសហរដ្ឋអាមេរិក វៀតណាម និងទីផ្សារចិន។

ជាក់ស្តែងនៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ នេះ, បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញថា ការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ជប៉ុន មានទំហំទឹកប្រាក់សរុបជិត ២ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៩ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅទីផ្សារជប៉ុន មានទឹកប្រាក់ជាង ១,២ ពាន់ លានដុល្លារអាមេរិក កើនជាង ២២ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន, ប្រភេទទំនិញដែលកម្ពុជាបាននាំចេញរួមមាន៖ សម្លៀកបំពាក់, វាយនភណ្ឌ, ស្បែកជើង, សម្ភារៈធ្វើដំណើរ, គ្រឿងអេឡិចត្រូនិចនិងគ្រឿងបំណែក, ខ្សែភ្លើងនិងគ្រឿងបង្គុំខ្សែភ្លើង និងគ្រឿងបន្លាស់រថយន្តជាដើម ។

ចំណែការនាំចូលពីប្រទេសជប៉ុនមកកម្ពុជា នៅក្នុងរយៈពេល ៨ ខែនេះដែរ មានទឹកប្រាក់សរុបប្រមាណជាង ៧១៧ លាន ដុល្លារអាមេរិក កើនជាង ១៣ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ ។ ចំពោះទំនិញសំខាន់ៗដែលបាននាំចូលរួមមាន៖ រថយន្ត គ្រឿងបន្លាស់រថយន្ត និងយានយន្តផ្សេងៗ,· ម៉ាស៊ីន ឧបករណ៍មេកានិច និងឡចំហាយ,· គ្រឿងម៉ាស៊ីន និងបរិក្ខារអគ្គិសនី រួមទាំងឧបករណ៍បំពងសំឡេង និងទូរទស្សន៍,· វត្ថុធាតុដើម និងផលិតផលធ្វើពីប្លាស្ទិក និងផលិតផលសេរ៉ាមិច និងកញ្ចក់ជាដើម។

ជុំវិញការធ្វើពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុននេះ, នៅដើមឆ្នាំ២០២៦ កន្លងមក ប្រទេសទាំងពីរក៏បានប្រកាសដាក់ឱ្យដំណើរ ក្រុមសហបង្កើតធុរកិច្ច (BCT) ដើម្បីជំរុញឱ្យក្រុមហ៊ុនជប៉ុន ទាំងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា និងក្រុមហ៊ុនដែលកំពុង ពិចារណាវិនិយោគ ទទួលបាននូវព័ត៌មានកាន់តែទូលំទូលាយ និងដំណោះស្រាយតែមួយកន្លែង ​ដើម្បីលើកកម្ពស់​ដល់ការវិនិយោគ នៅកម្ពុជា​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia