ព័ត៌មាន
ជនបរទេសជាង ៧ម៉ឺននាក់ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗត្រូវបានបណ្តេញចេញពីកម្ពុជា
ជនបរទេសចម្រុះជាតិសាសន៍ប្រមាណជាង ៧ម៉ឺននាក់ ដោយក្នុងនោះមានជិត ៣ម៉ឺននាក់ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗ ត្រូវបានបណ្តេញចេញពីកម្ពុជា។ ការបណ្តេញចេញនេះ គឺក្នុងរយៈពេល៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០២៣ ដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានថ្លែងថា ការបណ្តេញជនបរទេសខុសច្បាប់ និងពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺចាប់ពីឆ្នាំ២០២៣ មកដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ មានចំនួនសរុប ៧២៤២៦នាក់ ដោយក្នុងនោះជនបរទេសចំនួន ២៦៧៣១នាក់ ពាក់ព័ន្ធនឹងការស្នាក់នៅធ្វើការខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ដោយនៅឆ្នាំ២០២៣ ជនបរទេសខុសច្បាប់ត្រូវបណ្តេញចេញមានចំនួន ៧៩៣នាក់ មាន ២៣សញ្ជាតិ ទាក់ទងបទល្មើសអន្តោប្រវេសន៍។ នៅឆ្នាំ២០២៤ ជនបរទេសខុសច្បាប់បណ្តេញចេញមានចំនួន ៥៨៥២នាក់ មាន ៤៥សញ្ជាតិ ដោយក្នុងនោះស្នាក់នៅធ្វើការខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន ២៧៧៤នាក់ មាន ១៣សញ្ជាតិ។ នៅឆ្នាំ២០២៥ ជនបរទេសខុសច្បាប់បណ្តេញចេញមានចំនួន ១៣៥៥៧នាក់ មាន៦៩សញ្ជាតិ ដោយក្នុងនោះស្នាក់នៅធ្វើការខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន ៥៥៦៤នាក់ មាន ១៨សញ្ជាតិ។ នៅឆ្នាំ២០២៦ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ជនបរទេសខុសច្បាប់បណ្តេញចេញមានចំនួន ៥២២២៤នាក់ មាន៨៥សញ្ជាតិ ក្នុងនោះជនបរទេសស្នាក់នៅធ្វើការខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន ១៨៣៩៣នាក់ មាន ៣៨សញ្ជាតិ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារយៈពេល៤ខែ គិតចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចក្នុងក្របខណ្ឌក្រសួងមហាផ្ទៃស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញាគោលដៅនឹងឈានទៅដល់ការបង្ក្រាបបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ៣៧៤ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីខេត្តចំនួន១៧ ដោយបានឃាត់ខ្លួនមនុស្សចំនួន ៩៧១២នាក់ មាន ៣០សញ្ជាតិ និងបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបំពេញនីតិវិធីបណ្តេញចេញមានចំនួន ២០៧៤នាក់ មាន១៩សញ្ជាតិ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការមានចំនួន ៩២៤នាក់ មាន១១សញ្ជាតិ។ កំពុងសាកសួរដើម្បីកំណត់អត្តសញ្ញាណមានចំនួន ៥៩២១នាក់ មាន ២៧សញ្ជាតិ៕ អត្ថបទ៖ វង្ស សុភាព



-
ព័ត៌មាន7 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន6 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន5 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
-
ព័ត៌មាន6 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល