Connect with us

ព័ត៌មាន

រសៀលនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បន្តបើកកិច្ចប្រជុំត្រីភាគី លើកទី៣ ដើម្បី​ពិភាក្សាកំណត់តួលេខប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៧

ភ្នំពេញ៖ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ បានបន្តបើកកិច្ចប្រជុំដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។

គិតត្រឹមថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ៥លើក ក្នុងនោះមានកិច្ចប្រជុំត្រីភាគីចំនួនពីរលើករួចហើយ។ ជាលទ្ធផល តំណាងកម្មករនិយោជិត បានស្នើនូវតួលេខកំណើនរបស់ខ្លួនពីរផ្សេងៗគ្នា ដែលសហជីពភាគច្រើនស្នើតួលេខ កំណើន ១៥,៣ដុល្លារ និងមួយចំនួនទៀតស្នើតួលេខកំណើន ៤០,៦ដុល្លារ លើតួលេខបច្ចុប្បន្ន ខណៈតំណាងភាគី និយោជក បានស្នើរក្សាតួលេខនៅដដែល គឺចំនួន ២១០ដុល្លារ ក្រោមហេតុផលថា ដោយសារកន្លងទៅនេះ តំណាង ភាគីនិយោជក បានបន្ថែមប្រាក់ចំនួន ២,៥ដុល្លារ សម្រាប់ជួយសម្រួលបន្ទុកចំណាយ សោហ៊ុយធ្វើដំណើររួចហើយ។

សូមបញ្ជាក់ជូនទៀតថា សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារ កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia