Connect with us

ព័ត៌មាន

ក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ

ឯកឧត្ដមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានបង្ហើបឱ្យដឹងថា មានក្រុមហ៊ុន សហគ្រាសចិន ៤២ ក្រុមហ៊ុនផ្សេងគ្នា បានបង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារសហរដ្ឋអាមេរិកនាពេលខាងមុខ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីដឹកនាំប្រតិភូខេត្តកំពង់ស្ពឺជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុន សហគ្រាសចិនចំនួន ៤២ក្រុមហ៊ុន សហគ្រាស ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្ដម ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថាប្រតិភូខេត្តបានជួបជាមួយតំណាងក្រុមហ៊ុន សហគ្រាសចំនួន៤២ នៅក្នុងខេត្តណាននីង សាធារណរដ្ឋប្រជាមានិត ដោយបង្ហាញពីសក្តានុពលសំបូរបែប និងចំនួនអ្នកវិនិយោគយ៉ាងច្រើនដែលបាននិងកំពុងបោះទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺ។ក្នុងនោះតំណាងក្រុមហ៊ុន សហគ្រាសទាំងអស់បានសន្យាថានឹងមកទស្សនៈកិច្ចស្វែងយល់ និងបោះទុនរកស៊ីក្នុងខេត្តនេះក្នុងពេលឆាប់ៗខាងមុខ។

ឯកឧត្ដមបញ្ជាក់ថា ក្រុមហ៊ុន សហគ្រាសទាំង៤២ដែលមានបំណងដាក់ទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺគឺផ្តោតលើវិស័យចំនួន៩ ក្នុងនោះ ១-កសិកម្ម និងកែច្នៃកសិផល ២-ឧស្សាហកម្ម និងផលិតកម្ម ៣-សំណង់ និងសម្ភារៈសំណង់ ៤-ទេសចរណ៍ និងវប្បធម៌ ៥-វិនិយោគ និងពាណិជ្ជកម្ម ៦-បច្ចេកវិទ្យា និងឌីជីថល ៧-រ៉ែ ៨-ឡូជីស្លឹក និងដឹកជញ្ជូន និង៩-ថាមពលថ្មី និងបរិស្ថាន។

ទោះជាយ៉ាងណា អភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកឡើងថា ក្នុងចំណោមក្រុមហ៊ុន សហគ្រាសដែលចាប់អារម្មណ៍លើខេត្តកំពង់ស្ពឺនេះ មានមួយចំនួនជាអ្នកវិនិយោគដែលមានស្រាប់ដែលកំពុងស្វែងរកការពង្រីកប្រតិបត្តិការរបស់ខ្លួន ខណៈដែលក្រុមហ៊ុនខ្លះទៀតជាអ្នកចំណូលថ្មីគ្រោងនឹងបង្កើតរោងចក្រនៅក្នុងខេត្តនេះ។ ហើយដើម្បីគាំទ្រលំហូរនៃការវិនិយោគរបស់ធុរជនចិនដ៏មានសក្តានុពលនេះ អភិបាលខេត្តបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការបង្កើតបរិយាកាសស្វាគមន៍យ៉ាងកក់ក្តៅ ដោយក្នុងនោះនឹងមានការរៀបចំបដិសណ្ឋារកិច្ចសម្រាប់អ្នកវិនិយោគទាំងនេះ ហើយធានាទាំងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការសម្រួបសម្រួលលើគ្រប់នីតិវិធីផ្សេងៗ។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺគិតមកទល់ថ្ងៃនេះ ខេត្តមានវត្តមានឧស្សាហកម្មដ៏រឹងមាំរួចហើយ ដោយក្នុងនោះមានរោងចក្រនិងសហគ្រាសប្រមាណជិត៣ពាន់រោងចក្រ សហគ្រាសនិងមានកម្មករ កម្មការិនីប្រមាណជាង ៤០ម៉ឺននាក់កំពុងធ្វើការ នោះនៅមិនទាន់គិតបងប្អូនដែលកំពុងបំពេញការងារនៅតាមកសិដ្ឋានចិញ្ចឹមសត្វនិងចំការនានាទៀតផង។ទន្ទឹមនិងការកើនឡើងនៃរោងចក្រ សហគ្រាសទាំងនេះ គឺបាននិងកំពុងស្រូបយកកម្លាំងពលកម្មយ៉ាងសំខាន់ពីតាមបណ្តាខេត្តជុំវិញ ដែលធានាជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់បន្ថែមទៀត។ បន្ថែមពីនេះ ខេត្តកំពង់ស្ពឺនឹងក្លាយជាទិសដៅដ៏សំខាន់សម្រាប់គម្រោងឧស្សាហកម្ម និងផលិតកម្មនៅកម្ពុជា។ហើយប្រសិនបើលំហូរនៃគម្រោងវិនិយោគមានការកើនឡើងខ្ពស់ គេរំពឹងថានឹងបង្កើតឱកាសការងារបន្ថែមរាប់ម៉ឺនកន្លែង និងពង្រឹងឋានៈខេត្តជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយនៅកម្ពុជា៕ អត្ថបទ៖បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia