ព័ត៌មាន
WB៖ហិរញ្ញប្បទានសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍កើនលើស ២០០ ពាន់លានដុល្លារអាមេរិក ខណៈដើមទុនឯកជនកើនជាងបីដង
ភ្នំពេញ៖ ការកៀរគរដើមទុនឯកជនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៤ ឆ្នាំកន្លងមក ដោយកើនពី ៣៥ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំសារពើពន្ធ ២០២២ ដល់ ១១២ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២៦។ បើបូកបញ្ចូលជាមួយហិរញ្ញប្បទានផ្ទាល់របស់ក្រុមធនាគារពិភពលោក ទំហំហិរញ្ញប្បទាន និងធនធានដែលត្រូវបានកៀរគរសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ បានកើនដល់ជាង ២០០ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២៦។ កំណើននេះបានកើតមាននៅក្នុងប្រទេសដែលមានកម្រិតចំណូលផ្សេងៗគ្នា ទោះបីប្រទេសដែលមានចំណូលទាបនៅតែប្រឈមនឹងការលំបាកក្នុងការទាក់ទាញដើមទុនឯកជនក៏ដោយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមធនាគារពិភពលោក បានផ្សាយនៅថ្ងៃទី១៧ កញ្ញាថា ដើមទុនឯកជនដែលក្រុមធនាគារពិភពលោកកៀគរបានលើកនេះ មានទំហំកើនឡើងជាងបីដងក្នុងរយៈពេលបួនឆ្នាំកន្លងមក គឺពី ចំនួន ៣៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំសារពើពន្ធ ២០២២ ដល់ ១១២ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំសារពើពន្ធ ២០២៦។ ដោយបូកបញ្ចូលជាមួយហិរញ្ញប្បទានផ្ទាល់របស់ក្រុមធនាគារនេះ តួលេខសរុបនៃហិរញ្ញប្បទាន និងការកៀរគរធនធាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ បានកើនឡើងលើសពី ២០០ ប៊ីលានដុល្លារអាម៉េរិក នៅក្នុងឆ្នាំសារពើពន្ធ ២០២៦។
សេចក្តីប្រកាសព័ត៌មានបន្តថា កំណើននេះមានលក្ខណៈទូលំទូលាយ។ ការកៀរគរដើមទុនឯកជនសម្រាប់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប បានកើនឡើងពី ១៤ ប៊ីលានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២២ ដល់ ៣៧ ប៊ីលានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២៦ ដែលកើនឡើងជិតបី ដង។ ចំពោះប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់វិញ តួលេខនេះបានកើនឡើងពី ១២ ប៊ីលានដុល្លារ ទៅ ៥០ ប៊ីលានដុល្លារ ដែលជាការកើនឡើងជាងបួនដង។ នៅក្នុងប្រទេសដែលមានចំណូលទាប ដែលជាបរិការណ៍មួយក្នុងចំណោមបរិការណ៍ដែលមានការលំបាកបំផុតសម្រាប់ដើមទុនឯកជននោះ កម្រិតនៃការកៀរគរដើមទុនឯកជនត្រូវបានរក្សាទុកនៅប្រហែល ៣ ប៊ីលានដុល្លារ។
គំនិតផ្តួចផ្តើម Private Sector Investment Lab បានបំពេញបន្ថែមដល់កិច្ចប្រឹងប្រែងនោះ ដោយបានជួយកំណត់ពីឧបសគ្គជាក់ស្តែងដែលរារាំងដល់ការវិនិយោគនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំងបានរៀបចំផែនការការងារដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ក្រុមធនាគារពិភពលោក បានអនុវត្តរបៀបវារៈនេះនៅទូទាំងស្ថាប័ន ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច និងបទប្បញ្ញត្តិ ការពង្រីកការធានា និងការផ្តល់ហិរញ្ញប្បទានជារូបិយបណ្ណក្នុងស្រុក ការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងអត្រាប្តូរប្រាក់បរទេស ការបង្កើនឧបករណ៍វិនិយោគជាភាគហ៊ុន (equity tools) និងការជំរុញវិធីសាស្ត្រថ្មីៗ ដើម្បីឱ្យវិនិយោគិនស្ថាប័នអាចចូលរួមវិនិយោគក្នុងកម្រិតធំបាន។
ការបង្កើតការងារ គឺជាអាទិភាពចម្បងរបស់ក្រុមធនាគារពិភពលោក។ នៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ មនុស្សវ័យក្មេងចំនួន ១,២ ប៊ីលាននាក់ នឹងឈានចូលដល់វ័យអាចធ្វើការបានក្នុងរយៈពេល ១០ ទៅ ១៥ ឆ្នាំខាងមុខ ខណៈដែលការងារដែលត្រូវបានព្យាករថានឹងបង្កើតឡើងមានត្រឹមតែប្រហែល ៤២០ លានកន្លែងប៉ុណ្ណោះ។ វិស័យឯកជន គឺជាអ្នកបង្កើតការងារចំនួន ៩ ក្នុងចំណោមការងារ ១០ កន្លែងនៅក្នុងសេដ្ឋកិច្ចទាំងនេះ។
យុទ្ធសាស្ត្រស្តីពីការងាររបស់ក្រុមធនាគារពិភពលោក ផ្តោតលើកត្តាជំរុញសំខាន់ៗចំនួនបីដែលគាំទ្រគ្នាទៅវិញទៅមក៖ ១) ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកធនធានមនុស្ស និងផ្នែករូបវន្ត; ២) ការបង្កើតបរិយាកាសបទប្បញ្ញត្តិដែលអំណោយផលដល់អាជីវកម្ម; ៣) និងការជួយដល់វិស័យឯកជនឱ្យពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន។ យុទ្ធសាស្ត្រនេះដាក់គោលដៅលើវិស័យចំនួនប្រាំប្រកបដោយសក្តានុពលការងារខ្ពស់ ដែលនៅក្នុងនោះកត្តាគ្រឹះរបស់វាអាចជួយជំរុញការវិនិយោគ និងការបង្កើតការងារក្នុងវិមាត្រធំបាន គឺមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពល, វិស័យកសិ-អាជីវកម្ម, វិស័យសុខាភិបាល, វិស័យទេសចរណ៍ និងវិស័យផលិតកម្មដែលបង្កើតតម្លៃបន្ថែម៕
អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន6 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន5 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
-
ព័ត៌មាន6 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល