Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញការអភិវឌ្ឍគោលដៅលម្ហែបៃតង នៅតាមតំបន់ការពារធម្មជាតិ ដើម្បីប្រជាពលរដ្ឋនៅតាមសហគមន៍ អាចទាញយកប្រយោជន៍ សម្រាប់ជីវភាពក្នុងពេលអនាគតកាន់តែប្រសើរនិងការអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ បានថ្លែងអំពីការជំរុញការអភិវឌ្ឍគោលដៅលម្ហែបៃតងប្រកបដោយនិរន្តរភាព ដើម្បីផ្តល់ផលចំណេញ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមសហគមន៍មូលដ្ឋាន រួមជាមួយការពង្រឹងការការពារនិងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងការបង្កើនគម្របបៃតង តាមរយៈការជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋដាំឱ្យបានច្រើន ជារៀងរាល់ឆ្នាំ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់នៅក្នុងអំឡុងពេល ដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅតំបន់ទេសចរណ៍ធម្មជាតិភ្នំឈីងសៀវ (Qingxiu Mountain Scenic Area) ក្នុងទីក្រុងណាននីង ខេត្តគ័ងស៊ី ប្រទេសចិន ដើម្បីស្វែងយល់បន្ថែមលើការជំរុញនវានុវត្តន៍ នៃការគ្រប់គ្រងតំបន់លំហែបៃតង ការលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។

សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានភ្នំឈីងសៀវ ដែលទទួលបានការកោតសរសើរ និងប្រសិទ្ធនាមថាជា «សួតបៃតង» នៃទីក្រុងណាននីង គឺជាគំរូតំបន់លម្ហែបៃតង ដែលបានរៀបចំបន្ស៊ីគ្នាយ៉ាងល្អឥតខ្ចោះរវាងការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ទីតាំងនេះត្រូវបានគ្របដណ្តប់ដោយគម្របព្រៃឈើខៀវស្រងាត់ ទេសភាពភ្នំដ៏ស្រស់ត្រកាល មានប្រព័ន្ធអេកូឡូស៊ីចម្រុះ និងសួនរុក្ខសាស្ត្រដ៏សម្បូរបែប ព្រមទាំងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រកបដោយសោភ័ណភាព។ ភាពលេចធ្លោនៃតំបន់នេះ គឺការប្រែក្លាយធនធានធម្មជាតិឱ្យទៅជាកន្លែងលម្ហែបៃតង សម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុកនិងក្រៅសហរុកយ៉ាងច្រើនកុះករ។

ក្រសួងបរិស្ថានបាននិងកំពុងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីពង្រឹងបន្ថែមលើការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ពិសេសការជំរុញសក្តានុពលសេដ្ឋកិច្ចចក្រានៅតាមសហគមន៍មូលដ្ឋាន តាមរយៈរៀបចំអភិវឌ្ឍន៍នូវរចនាសម្ព័ន្ធទេសចរណ៍ធម្មជាតិនៅកម្ពុជា។ ក្រសួងបរិស្ថានបន្តប្តេជ្ញាធានានូវការអភិរក្សប្រព័ន្ធអេកូឡូស៊ី ការអនុត្តច្បាប់យ៉ាងតឹងរ៉ឹង គួបផ្សំនឹងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដើម្បីសម្រេចបាននូវលទ្ធផលជាវិជ្ជមាន និងអនាគតមួយមានភាពស្អាត ភាពបៃតង និងចីរភាពយ៉ាងពិតប្រាកដ នៅកម្ពុជា។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia