Connect with us

ព័ត៌មាន

មុខជំនាញចំនួន៩ នៅវិទ្យាស្ថាន PIKP ដែលមានការគាំទ្រ និងប្រជាប្រិយខ្លាំងពីសំណាក់យុវជននៅក្នុងខេត្តកំពង់ចាម

(កំពង់ចាម)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានជំនាញបច្ចេកទេស និងវិជ្ជាជិវៈច្រើន ដែលកំពុងបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដោយក្នុងនោះមានមុខជំនាញចំនួន៩ ដែល​ទទួល​បាន​ការ​ចាប់អា​រម្មណ៍ពីសំណាក់ប្រជាពលរដ្ឋទូទៅ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តកំពង់ចាម។

លោក ហាវ ធិន នាយកនៃវិទ្យាស្ថាន PIKP បានឱ្យដឹងថា មុខជំនាញដែលមានភាពលេចធ្លោជាងគេរួមមាន ជំនាញវិស្វកម្មអគ្គិសនី, វិស្វកម្ម​ព័ត៌​មាន​វិទ្យា, ការងារកំបោរ, ការងារ​ការ៉ូ, ការ​ធ្វើម្ហូប​ខ្មែរ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើងបណ្ដាញអ​គ្គិសនីក្នុងអគារ, និងការថែទាំ និង​ជួស​ជុល​រថយន្ត។​

លោកបញ្ជាក់ថា៖«អនាគតដ៏ល្អ មិនមែន​កើតចេញមកពីការរ​ង់ចាំឱកាសនោះទេ​ ប៉ុន្តែកើតចេញ​មកពីការ​ត្រៀមខ្លួន​ឱ្យមាន​សមត្ថ​ភាព​សម្រាប់​ឱកាស​។ ការ​សិក្សា​ត្រូវភ្ជាប់​ជាមួយ​តម្រូវការ​ពិត​ប្រាកដ​របស់​ទីផ្សារ​ការ​ងារ និង​វិស័យ​ឯកជន ដើម្បីរួមគ្នា​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ដែល​មានជំនាញ​ស្របតាម​តម្រូវការទីផ្សារការ​ងារ»​។

នៅក្នុងនោះ វិទ្យាស្ថានក៏បានបង្ហា​ញពីទស្សនៈក្នុង​កា​​រជំរុញសិស្ស​និស្សិតរបស់ខ្លួនឱ្យឆាប់ទទួល​បានឱកាសហាត់​ការ និងឱកាស​ការងារ​បន្ទាប់​ពីបញ្ចប់​​ការសិ​ក្សា តាម​រយៈយន្តការសំខាន់ៗជាច្រើន ដោយវិទ្យាស្ថានខិតខំពង្រឹងកិច្ចស​ហ​ការជា​មួយ​ក្រុម​ហ៊ុន រោងចក្រ សហគ្រាស និង​វិស័យ​ឯ​ក​ជននានា ដើម្បីបង្កើតឱកា​សកម្ម​សិក្សា និងហាត់ការ ព្រមទាំងឱកាសការងារសម្រាប់​សិស្សនិស្សិត ហើយវិទ្យាស្ថាន​បាន​ផ្តោត​លើការ​ពង្រឹង​សមត្ថ​ភាព​សិស្ស​និស្សិត តាមរយៈការអនុវត្តជាក់ស្តែងជាមួយ​គ្រឿងឧប​ករណ៍ និង​បរិក្ខារ​បច្ចេក​ទេស ដើម្បី​ឱ្យពួក​គេ​ទទួល​បាន​ជំនាញ និងបទ​ពិ​សោ​ធន៍​ដែលស្រ​បតាម​តម្រូ​វការ​ទីផ្សា​រការ​ងារ។

លោកនាយកបានបញ្ជាក់ថា៖«ការសិក្សាត្រូវភ្ជាប់ជាមួ​យតម្រូវកា​រពិ​ត​ប្រាកដរបស់​ទីផ្សារ​ការ​ងារ និង​វិស័​យ​​ឯក​ជន ដើម្បីរួមគ្នា​បណ្ដុះបណ្ដាល​ធ​នធាន​​មនុស្សដែល​មា​នជំនាញស្របតាមត​ម្រូ​វការទីផ្សារកា​រងារ។ យើងផ្ដល់ឱកាសឱ្យសិស្សចុះក​ម្មសិក្សា និងអ្នកហាត់​ការអាចចូល​​ទៅសិក្សា និង​អនុវត្តជំនាញនៅ​ក្នុងបរិយា​កាសការងារ​ពិតប្រាក​ដ» ។

ជាមួយគ្នានេះ លោក​បានអំពាវនាវដល់សិស្សានុសិស្សដែលកំពុ​ងស្វែងរកជំនាញស​ម្រាប់បន្តការសិ​ក្សានៅថ្នាក់មហា​វិទ្យាល័យ សូមធ្វើ​ការជ្រើស​រើស​ដោ​យមានការពិចារ​ណាឱ្យបានច្បា​ស់លាស់ មិនគួ​រជ្រើសរើស​តាមចំណង់ចំណូលចិត្តតែមួយមុខ ឬតាម​គ្នានោះទេ។ សិស្សានុ​សិស្ស​គួរស្វែ​ង​យ​ល់ពីខ្លួន​ឯងឱ្យបា​នច្បាស់ មុន​នឹង​សម្រេច​ចិត្ត ដោយ​ផ្អែកលើ​ស​មត្ថភាព លទ្ធ​ភាព និង​ជំនាញដែល​អាចជួយបើកផ្លូវ​ទៅ​រក​អនាគត និង​ឱកា​ស​ការងារល្អ​ប្រ​សើរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia