ព័ត៌មាន
ជំនាញបច្ចេកទេសចំនួន ៤ កំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារ
(ព្រះសីហនុ)៖ ជំនាញវិស្វកម្មអគ្គិសនី បច្ចេកវិទ្យាកុំព្យូទ័រ និងបច្ចេកវិទ្យាមេកានិករថយន្ត ព្រមទាំងគណនេយ្យ និងហិរញ្ញវត្ថុ កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសិស្សានុសិស្ស និងមានតម្រូវការនៅក្នុងទីផ្សារការងារ ខណៈវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ កំពុងបើកឱកាសសិក្សាលើជំនាញទាំងនេះសម្រាប់ឆ្នាំសិក្សាថ្មី។
លោក ប៊ូ សំអាត នាយកវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងចំណោមជំនាញដែលវិទ្យាស្ថានកំពុងបណ្តុះបណ្តាល មានជំនាញមួយចំនួនទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារមានការប្រើប្រាស់ជាក់ស្តែង និងតម្រូវការនៅក្នុងទីផ្សារការងារ។
លោកថ្លែងថា៖ «ជំនាញដែលទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានតម្រូវការទីផ្សារខ្ពស់ រួមមាន វិស្វកម្មអគ្គិសនី បច្ចេកវិទ្យាកុំព្យូទ័រ និងបណ្តាញ មេកានិករថយន្ត និងគណនេយ្យ-ហិរញ្ញវត្ថុ»។
លោកបានបន្តថា សម្រាប់ឆ្នាំសិក្សាថ្មី វិទ្យាស្ថានបានបើកទទួលសិស្សានុសិស្សលើច្រើនកម្រិត រួមមាន សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ បរិញ្ញាបត្ររង និងបរិញ្ញាបត្របច្ចេកវិទ្យា ដើម្បីផ្តល់ជម្រើសសិក្សាដែលសមស្របទៅតាមកម្រិត និងគោលដៅរបស់អ្នកសិក្សា។
ជំនាញសំខាន់ៗដែលវិទ្យាស្ថានកំពុងបើកបណ្តុះបណ្តាល រួមមាន វិស្វកម្មអគ្គិសនីអគារ មេកានិក និងជួសជុលរថយន្ត វិទ្យាសាស្ត្រកុំព្យូទ័រ និងបណ្តាញ សំណង់ស៊ីវិល ព្រមទាំងគណនេយ្យ និងហិរញ្ញវត្ថុ។
លោក ប៊ូ សំអាត បានបញ្ជាក់ថា ការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឱកាសមួយសម្រាប់យុវជនក្នុងការទទួលបានជំនាញជាក់ស្តែង និងត្រៀមខ្លួនចូលទៅក្នុងទីផ្សារការងារ។
លោកបន្ថែមថា៖ «យើងចង់ឱ្យសិស្សជ្រើសរើសជំនាញដែលស្របនឹងចំណង់ចំណូលចិត្ត និងសមត្ថភាពរបស់ខ្លួន ហើយសំខាន់ គឺជាជំនាញដែលអាចយកទៅប្រើប្រាស់បានជាក់ស្តែងនៅពេលចូលធ្វើការ»។
លោកនាយកវិទ្យាស្ថានដដែលបញ្ជាក់ថា ការបើកឱកាសសិក្សាលើច្រើនកម្រិត និងជំនាញបច្ចេកទេសចម្រុះនេះ ក៏ផ្តល់ជម្រើសដល់សិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ និងយុវជនផ្សេងទៀត ក្នុងការជ្រើសរើសផ្លូវសិក្សាដែលអាចបន្តទៅការងារ ឬបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ សាលាបានបណ្តុះបណ្តាលសិស្ស-និស្សិតរាប់ពាន់នាក់ចាប់ពីកម្រិតបច្ចេកទេស និងវិជ្ជាជីវៈ រហូតដល់បរិញ្ញាបត្របច្ចេកវិទ្យា ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងកម្មវិធី TVET 1.5 លាននាក់ ដោយផ្តល់ជំនាញរយៈពេលខ្លី ប្រាក់ឧបត្ថម្ភ និងការគាំទ្រដល់យុវជនគ្រួសារក្រីក្រ និងងាយរងគ្រោះ ខណៈអត្រាអ្នកបញ្ចប់ការសិក្សាទទួលបានការងារធ្វើមាន ជាង ៩០%៕





-
ព័ត៌មាន1 week ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន7 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន5 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន6 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន3 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
កីឡា5 days agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន