Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ

នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់លោក កេត ជុន ប្រធានគណៈកម្មាធិការគណបក្សឃុំស្វាយរំពាររួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះសមិទ្ធផលអគារទីស្នាក់ការថ្មីនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពឥតឈប់ឈររបស់ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណជូនចំពោះគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ជាពិសេស ឯកឧត្តម អៀង មូលី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋ និងក្រុមការងារចុះមូលដ្ឋានឃុំស្វាយរំពារ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួន ព្រមទាំងកៀរគរសប្បុរសជននានា ដើម្បីចូលរួមចំណែកអភិវឌ្ឍមូលដ្ឋានឃុំឱ្យកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់យ៉ាងច្បាស់ថា ភាពរីកចម្រើនរបស់ប្រទេសជាតិដូចសព្វថ្ងៃនេះ គឺពឹងផ្អែកទាំងស្រុងលើការគាំទ្រ និងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ ទំនុកចិត្តទាំងនេះ កើតចេញពីអំពើល្អ និងការខិតខំប្រឹងប្រែងរបស់មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ក្នុងការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ព្រមទាំងការយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងបញ្ហាប្រឈមនានាជូនមូលដ្ឋានបានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តទូទាំងប្រទេស ដើម្បីពង្រីកការតភ្ជាប់ សម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងបង្កើតលក្ខខណ្ឌអំណោយផលដល់ការរស់នៅ ព្រមទាំងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បានអំពាវនាវដល់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ និងសមាជិក សមាជិកាទាំងអស់ ឱ្យបន្តពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ។ ឯកឧត្តមបានក្រើនរំលឹកឱ្យមន្ត្រីទាំងអស់ ត្រូវរក្សាទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តជំរុញការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងប្រកបដោយភាពកក់ក្តៅ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia