Connect with us

ព័ត៌មាន

ទិវាសន្ដិភាពអន្ដរជាតិ| សម្ដេចធិបតី អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលើបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យដោះស្រាយបញ្ហាដោយសន្ដិវិធី

ភ្នំពេញ៖តាមរយៈសារលិខិតក្នុងឱកាស ទិវាសន្ដិភាពអន្ដរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ

ដើម្បីកាត់បន្ថយភាពតានតឹងកសាងទំនុកចិត្ត និងឈានទៅរកការស្ដារសន្តិភាពនៅតាមព្រំដែន ក៏ដូចជាការរួមរស់ប្រកបដោយភាពសុខដុម នៃប្រជាជនប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្តប្រកាន់ខ្ជាប់គោលការណ៍គ្រឹះនៃសន្តិភាពការគោរពអធិបតេយ្យស្មើភាពដោះស្រាយវិវាទដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិដោយមិនប្រើកម្លាំងដើម្បីភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព និងប្រកបដោយបរិយាប័ន្ន។

តាមសារលិខិត សម្ដេចធិបតី បានថ្លែងថា៖«ឆ្លងកាត់ការឈឺចាប់ និងផលវិបាកដ៏ខ្លោចផ្សា នៃសង្គ្រាមព្រមទាំងផលប៉ះពាល់ពីការឈ្លានពានអធិបតេយ្យជាតិនាពេលថ្មីៗនេះ យើងរឹតតែយល់ច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាពកាលានុវត្តភាពដ៏ទូលំទូលាយដែលសន្តិភាពបានបង្កើតឡើង និងភាពផុយស្រួយនៃសន្តិភាព ដែលយើងត្រូវតែរួមគ្នាថែរក្សា និងការពារឱ្យបានដាច់ខាត»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា។ សន្តិភាពនេះហើយដែលបានផ្ដល់ឱកាសមាសឱ្យប្រទេសយើងអាចស្តារ និងកសាងជាតិឡើងវិញជំរុញការកាត់បន្ថយភាពក្រីក្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់និងសកលលោក។

សម្ដេចធិបតីបានបញ្ជាក់ថា សន្តិភាពបានអនុញ្ញាតឱ្យយើងមានលទ្ធភាពផ្ដោតធនធានទាំងអស់លើការអភិវឌ្ឍគ្រប់វិស័យដើម្បីប្រែក្លាយប្រទេសកម្ពុជាទៅជាតួអង្គដ៏សកម្ម និងមានការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការអន្តរជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia