ព័ត៌មាន
រដ្ឋបាលខេត្តត្បូងឃ្មុំបិទផ្សាយទិន្នន័យការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅតំបន់វិនិច្ឆ័យ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលស្រុកត្បូងឃ្មុំ បានរៀបចំពិធីបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតំបន់វិនិច្ឆ័យភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្ថិតនៅបរិវេណផ្សារចំការថ្ម ក្រោមអធិបតីភាពលោក នៅ សំអឿន អភិបាលរង នៃគណៈអភិបាលស្រុកត្បូងឃ្មុំ និងលោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីរ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងប្រជាពលរដ្ឋក្នុងតំបន់វិនិច្ឆ័យ។
លោក ហ៊ីង ស៊ីថា មានប្រសាសន៍លើកឡើងថា ការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លី គឺជាដំណាក់កាលសំខាន់មួយនៃដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីផ្តល់ឱកាសឱ្យម្ចាស់ដី និងអ្នកកាន់កាប់ដីធ្លី ពិនិត្យ ផ្ទៀងផ្ទាត់ និងបញ្ជាក់ភាពត្រឹមត្រូវនៃព័ត៌មានពាក់ព័ន្ធនឹងក្បាលដីរបស់ខ្លួន មុនឈានទៅដំណាក់កាលបន្តនៃការចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ។
លោកថា បន្ទាប់ពីបញ្ចប់រយៈពេលបិទផ្សាយ ក្រុមការងារជំនាញនឹងបូកសរុបលទ្ធផល និងរៀបចំរបាយការណ៍បញ្ជូនទៅប្រធានគណៈកម្មាធិការរដ្ឋបាល ដើម្បីបន្តនីតិវិធីស្នើសុំចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋដែលបានបំពេញគ្រប់លក្ខខណ្ឌតាមច្បាប់ និងនីតិវិធីជាធរមាន។
ជាមួយគ្នានោះលោក ហ៊ីង ស៊ីថា បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារចុះវាស់វែង ក្រុមទី៣ ប្រចាំស្រុកត្បូងឃ្មុំ ក្នុងការជំរុញការងាររៀបចំដែនដី និងការចុះបញ្ជីដីធ្លី ឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស្របតាមច្បាប់ ដើម្បីផ្តល់ភាពច្បាស់លាស់ និងសុវត្ថិភាពក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លីជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោក នៅ សំអឿន បានលើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មានសារៈសំខាន់ក្នុងការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ និងប្រើប្រាស់ដីធ្លី កាត់បន្ថយទំនាស់ដីធ្លី ទប់ស្កាត់ការកាន់កាប់ និងប្រើប្រាស់ដីរដ្ឋដោយខុសច្បាប់ ព្រមទាំងរួមចំណែកក្នុងការអនុវត្តគោលនយោបាយ និងការកែទម្រង់រដ្ឋបាលដីធ្លី របស់រាជរដ្ឋាភិបាល។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដីធ្លីនៅក្នុងតំបន់វិនិច្ឆ័យភូមិនិគមលើ ចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ឱ្យបានម៉ត់ចត់ក្នុងអំឡុងពេលបិទផ្សាយ ដើម្បីធានាថា ទិន្នន័យដែលបានចុះបញ្ជីមានភាពត្រឹមត្រូវ ស្របតាមស្ថានភាពជាក់ស្តែង និងអាចឈានទៅរកការផ្តល់សុវត្ថិភាពផ្នែកកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
សូមជម្រាបថាសម្រាប់ឯកសារនៃការវិនិច្ឆ័យនេះ ត្រូវបានបិទផ្សាយនៅបរិវេណផ្សារចំការថ្ម ក្នុងថ្ងៃប្រកាសបិទផ្សាយ និងបន្តដាក់បិទផ្សាយរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នៅផ្ទះមេភូមិនិគមលើ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងអំឡុងរយៈពេលនេះ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ នឹងរង់ចាំទទួលព័ត៌មាន និងសំណើកែតម្រូវពីប្រជាពលរដ្ឋ ដើម្បីធានាភាពត្រឹមត្រូវ និងតម្លាភាពនៃទិន្នន័យចុះបញ្ជីដីធ្លី មុនឈានទៅដំណាក់កាលបន្តតាមនីតិវិធី។ តំបន់វិនិច្ឆ័យភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ មានក្បាលដីសរុបចំនួន ៨,២១០ក្បាលដី មានផ្ទៃដីសរុប ១៤០ហិកតា ស្មើនឹង ៣៣០គ្រួសារ៕
ដោយ ៖ សេងឡុង




-
ព័ត៌មាន1 week ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន6 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន4 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
កីឡា6 days agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ