Connect with us

ព័ត៌មាន

គ្រួសារដែលរងគ្រោះដោយការបាក់ស្រុតច្រាំងក្នុងស្រុកស្រីសន្ធរ​ បានទទួលអំណោយពីសម្ដេចធិបតី នាយករដ្ឋមន្រ្ដី

គ្រួសារដែលរងគ្រោះដោយការបាក់ស្រុតច្រាំង​ និងបង្ខំចិត្តរុះរើផ្ទះសម្បែងជាច្រើនគ្រួសារក្នុងស្រុកស្រីសន្ធរ​ បានទទួលអំណោយពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលត្រូវរុះរើផ្ទះ បន្ទាប់ពីរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ ចំនួន២៣ គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកស្រីសន្ធរ រួមមាន ឃុំឫស្សីស្រុក ឃុំកោះអណ្តែត ឃុំព្រែកពោធិ៍ និងឃុំមានជ័យ។​ ទន្ទឹម​នឹង​នេះ​ដែរ​ គ្រួសារដែលរងគ្រោះដោយការគ្រោះធម្មជាតិបាក់ស្រុតច្រាំងទ​ន្លេនៅរដូវវស្សាក្នុងឃុំឬស្សីស្រុកបានបង្ហាញ​ អារម្មណ៍​សប្បាយ​រីករាយ​ និងមានភាពកក់ក្តៅនៅពេលឃើញមានអាជ្ញាធរ​ ,កងកម្លាំង​សមត្ថកិច្ច​ចុះជួយអន្តរាគមន៍ជួយរុះរើ និងពិសេសពេលនេះបានទទួលការយកចិត្តទុកដាក់ផ្តល់អំណោយសង្គ្រោះភ្លាមៗទៀតផង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ទិន្នន័យឱ្យបានជាក់លាក់ ដើម្បីដាក់ផែនការសង្គ្រោះបន្ទាន់ និងធ្វើការស្ដារឡើងវិញឱ្យមានប្រសិទ្ធភាព និងចំគោលដៅ នូវហេដ្ឋារចនាសម្ព័ន្ធ និងការខូចខាតនានា ពីករណីបាក់ស្រុតច្រាំងទន្លេដែលកំពុងកើតមាននេះ ពោលគឺ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបបានទាន់ពេលវេលា។ ហើយក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះគ្រោះមហន្តរាយធម្មជាតិ មិនថាពេលមានភ្លៀង មានរន្ទះ ខ្យល់កន្ត្រាក់ ឬបាក់ស្រុតច្រាំងក៏ដោយ ត្រូវពិនិត្យរកកន្លែងដែលធានាសុវត្ថិភាព បង្ការ និងការពារខ្លួន ជៀសឱ្យផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។ ឯកឧត្តម អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្ដារ ជួសជុល និងរៀបចំលំនៅដ្ឋានឡើងវិញ។ ចំពោះការរស់នៅ ត្រូវអនុវត្តវិធានការអនាម័យស្អាត និងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia