Connect with us

ព័ត៌មាន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលថ្លែងអំណរគុណដល់គ្រូបង្រៀនស្ម័គ្រចិត្ត និងអបអរសាទរសិស្សនិទ្ទេស A ទាំង ៣១រូប

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត និងអបអរសាទរសិស្សប្រឡងជាប់និទ្ទេស A នៃខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមសរុប ៣៦៨នាក់។

ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ស្ម័គ្រចិត្តបង្រៀនវគ្គបំប៉នដល់សិស្សានុសិស្ស។

ឯកឧត្តមបានគូសបញ្ជាក់ថា ការលះបង់នេះសបញ្ជាក់ពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស។ ទន្ទឹមនឹងនេះ វត្តមានរបស់ឯកឧត្តមផ្ទាល់ គឺជាការផ្តល់នូវភាពកក់ក្តៅ និងជាការលើកទឹកចិត្តយ៉ាងធំធេងដល់មន្ត្រីរាជការនៅមូលដ្ឋាន ឱ្យបន្តបំពេញបេសកកម្មរបស់ខ្លួនដោយមោទនភាព និងភាពកក់ក្តៅបំផុត។

ជាមួយការអបអរសាទរ ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ជោគជ័យនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរួមគ្នា រវាងការបង្ហាត់បង្រៀនជាប្រចាំរបស់លោកគ្រូ អ្នកគ្រូ ទាំងក្នុងម៉ោងសិក្សា ទាំងវគ្គបំប៉ន គួបផ្សំនឹងការតស៊ូរបស់សិស្សផ្ទាល់ ដែលបាននាំមកនូវកិត្តិយសមុខមាត់ មិនត្រឹមតែសម្រាប់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ តែជាមោទនភាពរបស់ខេត្តកំពង់ស្ពឺទាំងមូល។

ជាទិសដៅទៅមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ថា និទ្ទេស A គឺជាចំណុចចាប់ផ្តើមនៃទំព័រថ្មីមួយទៀត ដូច្នេះយុវជនទាំងអស់ត្រូវបន្តពង្រឹងសមត្ថភាព រក្សាវិន័យ និងត្រៀមខ្លួនចាប់យកជំនាញនៅកម្រិតឧត្តមសិក្សា។ ឯកឧត្តមបានបន្ថែមថា នៅក្នុងបរិបទពិភពលោកបច្ចុប្បន្ន ទីផ្សារការងារទាមទារនូវធនធានមនុស្សដែលមានទាំងចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ ភាសាបរទេស បច្ចេកវិទ្យា និងសមត្ថភាពអនុវត្តជាក់ស្តែងដែលអាចធ្វើការបានពិតប្រាកដ។

គួររំលឹកផងដែរថា នៅក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះ ខេត្តកំពង់ស្ពឺមានបេក្ខជនប្រឡងសរុប ៦.០៣៦នាក់ ក្នុងនោះអ្នកប្រឡងជាប់មាន ៥.២២២នាក់ (ស្មើនឹង ៨៦,៥១%)។ សម្រាប់សិស្សនិទ្ទេស A ទាំង ៣១នាក់ (ស្រី ២២នាក់) រួមមានមកពី៖ ក្រុងច្បារមន ១៥នាក់, ក្រុងឧដុង្គម៉ែជ័យ ៧នាក់, ស្រុកបសេដ្ឋ ៣នាក់, ស្រុកសាមគ្គីមុនីជ័យ ២នាក់, ស្រុកសំរោងទង ២នាក់, ស្រុកភ្នំស្រួច ១នាក់ និងស្រុកគងពិសី ១នាក់។

អ្វីដែលកាន់តែគួរឱ្យកោតសរសើរ និងរំជួលចិត្តថែមទៀតនោះ គឺក្នុងចំណោមសិស្សនិទ្ទេស A ក៏មានយុវតីពីររូបដែលជាកុមារកំព្រា ដែលនេះសបញ្ជាក់ឱ្យឃើញពីការតស៊ូជម្នះរាល់ឧបសគ្គដើម្បីភាពជោគជ័យក្នុងជីវិត។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia