Connect with us

ព័ត៌មាន

ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោអញ្ជើញបើកការដ្ឋានជួសជុលអគារសិក្សាអាទិភាពចំនួន ៤ ទីតាំង នៅក្នុងស្រុកសំរោង ខេត្តតាកែវ

តាកែវ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបើកការដ្ឋានជួសជុលអគារសិក្សាអាទិភាពចំនួន ៤ ទីតាំង នៅក្នុងស្រុកសំរោង ខេត្តតាកែវ រួមមាន សាលាបឋមសិក្សាបត់រកា, សាលាបឋមសិក្សាក្រាំងធ្នង់, សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែនស្ដុក និងសាលាបឋមសិក្សា ឱម សុផាត់ ដែលរៀបចំឡើងនៅសាលាបឋមសិក្សាបត់រកា ស្ថិតនៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ស៊ុត ខុន និងលោកស្រី ឡុង បូណារ៉េត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីសំណាក់ នាយក នាយករងរដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត, ក្រុមប្រឹក្សាស្រុក, លោកអភិបាល នៃគណៈអភិបាលស្រុកសំរោង, នាយក នាយករងរដ្ឋបាលសាលាស្រុក, អាជ្ញាធរឃុំសំរោង និងឃុំរវៀង ព្រមទាំងនាយកសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលាទាំង ៤ ទីតាំងផងដែរ។

គួររំលឹកផងដែរថា អគារសិក្សាទាំង ៤ ទីតាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបន្សល់ទុកតាំងពីទសវត្សរ៍ឆ្នាំ៩០។

ការបើកការដ្ឋានជួសជុលនៅពេលនេះ គឺជាការបន្តយកចិត្តទុកដាក់លើការថែរក្សា និងធានានិរន្តរភាពនៃហេដ្ឋារចនាសម្ពន្ធអប់រំ ដើម្បីបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព សមរម្យ និងអំណោយផលដល់ការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង ជំនាញ និងសមត្ថភាព សម្រាប់ចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia