Connect with us

ព័ត៌មាន

នាវាចម្បាំងរបស់កាណាដាផ្ទុកនាវិក ២៥៥នាក់​នឹងចូល​សំចត​នៅ​កំពង់ផែ​ព្រះសីហនុ រយៈពេល​បី​ថ្ងៃ​ចាប់​ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ កញ្ញានេះ

ភ្នំពេញ៖ នាវាចម្បាំងកងទ័ពជើងទឹករបស់ប្រទេសកាណាដាដែលមានឈ្មោះថា HMCS Regina នឹង​ចូលសំចត​នៅកំ​ពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយដំណើរទស្សនកិច្ចរបស់នាវានេះ គឺមាន​គោល​បំណង​រឹត​ចំណង​មិត្ត​ភាព​ជា​មួយ​កងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែស្និតស្នាលបន្ថែមទៀត។

សូម​បញ្ជាក់ថា នាវាចម្បាំង HMCS Reginaនេះមានប្រវែងជាង១៣៤ម៉ែត្រ ទទឹងជាង៧ម៉ែត្រ ជម្រៅ​ជាង​៧ម៉ែត្រ និងទម្ងន់ជាង៥ពាន់តោន ផ្ទុកនាវិក២៥៥នាក់ និងមាន​បំពាក់​អាវុធ​ធុន​ធ្ងន់​ទំនើប​ៗ ​ជាច្រើនដូចមីស៊ីល រ៉ូកែត កាំភ្លើងយន្ត និងឧទ្ធម្ភាគចក្រជាដើម។

គោល​បំណង​នៃ​ការចូលសំចតរបស់នាវាកាណាដាលើផែសមុទ្ររាមរបស់កម្ពុជានេះ គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ រឹតចំណងមិត្តភាព សាមគ្គីភាពនៃ​​ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ បន្ថែម​ទៀត​ជាពិសេសកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកនៃប្រទេសទាំងពីរតែម្តង។

ក្នុង​អំឡុងពេលសំចតរយៈពេលបីថ្ងៃនៅដែនសមុទ្រកម្ពុជានេះ កងនាវិក​របស់​នាវា​កាណាដា​នឹង​មាន​​កម្ម​វិធី​ហ្វឹកហ្វឺនរួមគ្នា និងការលេងកីឡារួមគ្នាជា​មួយក​ង​ទ័ព​ជើង​ទឹក​កម្ពុជា​ ដើម្បី​បង្កើន​ភាព​ស្និត​ស្នាល​របស់កងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមរំលឹកថា នៅក្នុងឆ្នាំ២០២៦នេះនាវាចម្បាំងបណ្តាប្រទេសជាច្រើនបានចូលមកសំចត​នៅកំ ពង់​ផែ​ស្វយ័តក្រុងព្រះសីហនុ និងមូលដ្ឋានសមុទ្ររាម ដោយក្នុងនោះមាននាវាចម្បាំងអាមេរិក ឥណ្ឌា រុស្ស៊ី និងអង់គ្លេសជាដើម។ ដំណើរ​នៃ​ការ​ចូល​សំចត​របស់​នាវា​ទាំង​នោះ​គឺ​មាន​គោល​បំណង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​៕ អត្ថបទ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia