Connect with us

ព័ត៌មាន

រយៈពេល៨ខែឆ្នាំនេះពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់កើនដល់ជាង ១៥ ពាន់លានដុល្លារ

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ជាង ១៥ ពាន់​លាន​ដុល្លារអាមេរិក កើនឡើងជាង ២២ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដោយ​បាន​និង​កំពុង​បន្ត​និន្នាការកើនឡើងល្អប្រសើរ ទោះការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ​នៅ​មាន​ឱន​ភាព​ជញ្ជីងពាណិជ្ជកម្មក៏ដោយ។

ជុំវិញការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦, បើ​យោង​តាម​របាយការណ៍អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បាន​បង្ហាញ​ថា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់ សរុបប្រមាណ ១៥,៥ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើងជាង ២២ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដែល​មាន​ទំហំ​ទឹក ​ប្រាក់ជាង ១២,៦ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

ទាក់ទិនការធ្វើពាណិជ្ជកម្មខាងលើនេះ ក្នុងនោះកម្ពុជាបាននាំចេញទំនិញ និង​កសិផល​សំខាន់​ៗ​ចូល​ទៅ​ប្រទេសចិន មានទឹក ប្រាក់ប្រមាណជាង ១,៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៣ ភាគរយ ខណៈការនាំចូលពីប្រទេសចិនមកកម្ពុជា មានទឹក ប្រាក់ជាង ១៤ ពាន់​លាន​ដុល្លារ​អាមេរិក ​កើនជាង ២២ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន។ ការធ្វើពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ចិន​បង្ហាញឱ្យឃើញថា មានឱនភាពជញ្ជីងពាណិជ្ជកម្មឆ្ងាយពីគ្នានៅឡើយ, តែទោះបី​យ៉ាង​ណា​ការធ្វើពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ បានកំពុងចូលរួមដល់កំណើនសេដ្ឋកិច្ច ការ​បង្កើត​ការ​ងារ ជាពិសេសជំរុញដល់ការនំាំចេញកសិផលរបស់កម្ពុជា។

ចំពោះការនាំចេញ, កម្ពុជាបាននាំចេញទំនិញ និងផលិតផលចូលទីផ្សារចិន ចាប់​ពី​ដើម​ឆ្នាំ​២០២៦ មកដល់ពេលនេះ ឃើញ ថា បាននិងកំពុងបន្តនិន្នាការកើនឡើងល្អប្រសើរ ស្រប​តាម​ការ​អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាពិសេសការជំរុញ នាំចេញកសិផល​របស់​កម្ពុជា ​តាមពិធីសារយល់ព្រមនៃប្រទេសទាំងពីរ ដោយកំពុងគាំទ្រ​ដល់​ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជាមានជាចម្បងដូចជា៖ ការនាំចេញអង្ករ, ផ្លែចេកស្រស់, ដំឡូងមី, កៅស៊ូ ផ្លែមៀន​ស្រស់​ជា​ដើម។ ចំណែកការនាំចូលពីប្រទេសចិនមក កម្ពុជាវិញមានដូចជា៖ វាយនភណ្ឌ, ការនាំ​ចូល​ដែក, រថយន្តគ្រប់ប្រភេទ និងគ្រឿងបន្លាស់ជាដើម។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦, ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ​សរុបរ​បស់​កម្ពុជា មានទំហំទឹកប្រាក់ ប្រមាណជាង ៥០ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២០ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុប ជាង ២២,១ ពាន់​លាន​ដុល្លារអាមេរិក កើនជិត ២០ ភាគរយ និងការនាំចូលពីបរទេសមានទឹកប្រាក់សរុបជាង ២៦,៥ ពាន់​លាន ដុល្លារអាមេរិក កើនជាង ២០ ភាគរយ បើធៀបរយៈពេល​ដូចគ្នានិង​ឆ្នាំ​២០២៥​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia