Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មការជាតិហ្វ្រង់កូហ្វូនី

នៅសល់ពេលមិនដល់ពីរខែទៀតទេ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍អន្តរជាតិនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងសម្រាប់ការលើកកម្ពស់ហ្វ្រង់កូហ្វូនីនៅអាស៊ី។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មការជាតិហ្វ្រង់កូហ្វូនី នៅទីស្តីការក្រសួងនៅរសៀលថ្ងៃទី២១ ខែកញ្ញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សន្និសីទថ្នាក់រដ្ឋមន្ត្រីរង់កូហ្វូនីលើកទី៤៨ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងព្រឹត្តិការណ៍អម នៅរាជធានីភ្នំពេញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំថា នៅសល់ពេលមិនដល់ពីរខែទៀតទេ ដើម្បីរៀបចំប្រុងប្រៀបកិច្ចប្រជុំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សន្និសីទថ្នាក់រដ្ឋមន្ត្រីរង់កូហ្វូនីលើកទី៤៨ ឲ្យបានល្អគ្រប់ជ្រុងជ្រោយហើយធានានូវភាពជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានផងដែរ។ ការឆ្លងមតិសម្រេច នឹងការទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោយពីកិច្ចប្រជុំលើកទី៦ ដើម្បីជម្រាបជូនអង្គប្រជុំជ្រាប និងផ្អែកទៅលើការសម្រេចនិងផ្ដោតទិសដៅក៏ដូចជាអនុសាសន៍នានារបស់សម្ដេចធិបតី យើងក៏នឹងអាចតម្រង់ទិសការងាររៀបចំកិច្ចប្រជុំសម្រាប់ពេលខាងមុខនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកត់សម្គាល់ឃើញថា ការរៀបចំកិច្ចប្រជុំមានហ្មត់ចត់ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គ្រប់អនុគណៈកម្មការពាក់ព័ន្ធមានការសម្របសម្រួលពីលេខាធិការដ្ឋាន ហើយការបានសម្រេចនៅជំហានទៅមុខច្បាស់លាស់ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងប្រតិទិនការងារដែលបានរៀបចំ។

សូមជម្រាបថា កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍អន្តរជាតិនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងសម្រាប់ការលើកកម្ពស់ហ្វ្រង់កូហ្វូនីនៅអាស៊ី។

កិច្ចប្រជុំកំពូល ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលនៃអង្គការ OIF ប្រមូលផ្តុំប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃរដ្ឋសមាជិក និងរដ្ឋាភិបាលចំនួន៩០ រៀងរាល់ពីរឆ្នាំម្តង ដើម្បីពិភាក្សាអំពីបញ្ហានៃកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងអប់រំ ក៏ដូចជាតម្លៃរួមដែលគាំទ្រដល់សហគមន៍និយាយភាសាបារាំង៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia