Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រាបជូនទូតកាណាដាអំពីកិច្ចខិតខំប្រឹងប្រែងការប្តេជ្ញាចិត្ត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្ម Online Scam

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ជូនឯកឧត្តម Christian DesRoches អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង, ការប្តេជ្ញាចិត្ត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារនៅរសៀលថ្ងៃថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនឯកឧត្ដមឯកអគ្គរដ្ឋទូតផងដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺ ជាទម្រង់ថ្មីនៃឧក្រិដ្ឋកម្មឆ្លងដែន ដែលការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាពីគ្រប់បណ្ដាប្រទេសនានា និងតួអង្គដែលមានការពាក់ព័ន្ធ ហើយកម្ពុជាបើកចំហរនូវកិច្ចសហប្រតិបត្តិការពីគ្រប់បណ្ដាប្រទេស និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ពាក់ព័ន្ធនឹងបញ្ហានេះ, ឯកឧត្ដមឯកអគ្គរដ្ឋទូត បានទទួលស្គាល់ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង, ការប្តេជ្ញាចិត្ត និងសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបានក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់កាណាដាក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រចាំបាច់នានាក្នុងយុទ្ធនាការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។

ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Christian DesRoches ក៏បានបញ្ជាក់អំពីគោលបំណងក្នុងការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងកាណាដា។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia