Connect with us

ព័ត៌មាន

ការ​ប្រើយន្តការផ្សះផ្សានៃ UNCLOS ដើម្បី​សម្រេច​ឱ្យ​បាន​ដំណោះ​ស្រាយ​ផ្តល់​ផល​ដល់​ពលរដ្ឋ​ប្រទេស​ទាំង​​ពីរ

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ជាក់ជាថ្មីថា កម្ពុជា ផ្ដួចផ្ដើម​ប្រើប្រាស់យន្តការ ផ្សះផ្សា ​នៃ​អនុ​សញ្ញា​អង្គការ​សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) គឺដើម្បីសម្រេច​ឱ្យ​បាន​នូវ​ដំណោះ​ស្រាយ​មួយ​ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិ​ភាព កិច្ច​សហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់»។

ឯកឧត្តម ប៉ែន បូណា បានថ្លែង​ថា ដូច​បងប្អូនជនរួមជាតិបានជ្រាបស្រាប់ គណៈកម្មការផ្សះផ្សា​នៃ​អនុសញ្ញាអង្គការ​សហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)ទើបតែបាន​បិទបញ្ចប់​កិច្ច​ប្រជុំ​លើក​ដំបូង​របស់ខ្លួន​កាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ ២០២៦ នៅប្រទេស​សិង្ហបូរី​។ ក្នុងអំឡុងពេលកិច្ចប្រជុំ កម្ពុជា និងថៃបានចុះហត្ថលេខា​លើ​លក្ខខណ្ឌ​នៃ​ការ​តែង​តាំង​គណៈ​កម្មការ​ និងបានសម្រេចលើបទបញ្ញត្តិស្តីពីការប្រព្រឹត្តទៅនៃដំណើរការផ្សះផ្សា ហើយ​​គណៈ​កម្មការ​ផ្សះផ្សា​ក៏​នឹង​រៀបចំ​កិច្ច​ប្រជុំ​ជា​បន្ត​ទៀត​ជាមួយ​កម្ពុជា និង​ថៃ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ​នៅ​ទី​ក្រុង​ឡាអេ​។

ឯកឧត្តមបានបន្តថា កម្ពុជាបានថ្លែងអំណរគុណយ៉ាងស្មោះ​ស្ម័គ្រចំពោះ​គណៈកម្មការ​ផ្សះផ្សា​ដែល​​បានអនុវត្តវិធីសាស្ត្រដ៏ម៉ត់ចត់ និងបានពិចារណាច្បាស់​លាស់ក្នុងដំណើរការនីតិវិធីនេះ ហើយ​កម្ពុជា​ក៏សម្តែងការជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់​នូវ​មាគ៌ា​សម្រាប់​ការ​ដោះស្រាយ​វិវាទរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី។ ក្នុងន័យនេះ កម្ពុជាបន្តចូលរួម​ក្នុង​ដំណើរ​ការ​ផ្សះផ្សា​ដោយ​ស្មារតីសហប្រតិបត្តិការ ប្រកប​ដោយទំនុកចិត្តពេញ​លេញ​លើ​ដំណើរ​ការ​ផ្សះផ្សា​នេះ​។

ឯកឧត្តមថ្លែង​បញ្ជាក់ថា «គោល​បំណង​ចម្បង​បំផុត​របស់​កម្ពុជា​គឺ​សម្រេច​ឱ្យ​បាន​នូវ​ដំណោះ​ស្រាយ​មួយ​ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិ​ភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់»។

បើតាម​ឯកឧត្តម ប៉ែន បូណា ដើម្បី​សម្រេចគោលដៅនេះ កម្ពុជា​មានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោម​ជ្រែងពីគណៈ​កម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃសម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។ ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងកិច្ចព្រមព្រៀងព្រំដែនសមុទ្រ​និងទាំងការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។

គោលបំណងនេះត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារ​កម្ពុជា បញ្ជាក់ច្បាស់​ក្នុងសេចក្តី​ថ្លែងការណ៍​បើកកិច្ចប្រជុំ​កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦។ កម្ពុជាក៏បានបង្ហាញច្បាស់នៅចំពោះមុខគណៈកម្មការផ្សះផ្សា​ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី។ ដោយទទួលបានការលើកទឹកចិត្តពីលទ្ធផលនៃការផ្សះផ្សា បញ្ហាដែនសមុទ្រទីម័រ រវាងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងប្រទេសអូស្ត្រាលី កម្ពុជាមានទំនុកចិត្តថា គណៈកម្មការផ្សះផ្សាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជានិងថៃឱ្យសម្រេចបាននូវលទ្ធផលស្រដៀងគ្នានេះដែរ ពោលគឺលទ្ធផលដែល​​នាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់យើង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia