Connect with us

ព័ត៌មាន

រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងតវ៉ាគ្រប់ពេលវេលា ​និងមធ្យោបាយ​ដើម្បី​ការពារបូរណភាព​ទឹកដី​

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែង​តាមរយៈសន្និសីទសារព័ត៌មាន​នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា​បាននិងកំពុងតវ៉ាគ្រប់ពេលវេលា​និងគ្រប់មធ្យោបាយ​សន្តិវិធី តាមរយៈយន្តការការទូតនិងច្បាប់អន្តរជាតិ ដើម្បី​ការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី​កម្ពុជា​ដែលថៃដណ្តើមកាន់កាប់ដោយខុសច្បាប់​។

ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់​ប្រជាជាតិខ្មែរ​យ៉ាងច្បាស់លាស់ជាថ្មីម្តងទៀត ​កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៦ថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យ​ប្រទេស​​ណាទេ ប៉ុន្តែ ជាកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចៀសទុក្ខវេទនា​របស់ប្រជាពលរដ្ឋដោយងាកទៅប្រើយន្តការច្បាប់អន្តរជាតិនិងការទូតជាជំនួសវិញ។

សម្តេចប្រមុខរាជរដ្ឋាភិបាល​គូសបញ្ជាក់ថា កងទ័ពថៃពិតជាបានដណ្តើមកាន់កាប់ទីតាំងមួយចំនួននៅតាម​ព្រំដែន នៅ​ក្រោយការប្រយុទ្ធគ្នាពីតមែន ប៉ុន្តែ រាជរដ្ឋាភិបាលមិនបានយល់ព្រមប្រគល់ទីតាំងនោះឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលា​និងគ្រប់មធ្យោបាយ​សន្តិវិធី តាមរយៈយន្តការការទូតនិងច្បាប់អន្តរជាតិ ដើម្បី​ការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី​កម្ពុជា​ដែលថៃដណ្តើមកាន់កាប់ដោយខុសច្បាប់​។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ជាថ្មីថា ការពិត​ជាក់ស្តែងនេះគឺមិនដូចអ្វីដែលក្រុមប្រឆាំង​ជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន​ចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ដីឱ្យ​ប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ គឺក្រុមជនមួយក្តាប់តូចនោះទៅវិញទេដែលមិនបានជួយការពារទឹកដីពីការឈ្លានពាន តែបែរជា​ខំស្រែកក្តែងៗជារៀងរាល់ថ្ងៃថា កម្ពុជាបាត់ដីឬកាត់ដីឱ្យ​ថៃដែលមានន័យស្មើនឹងការប្រកាសយល់ព្រមប្រគល់ដីទាំងនោះឱ្យទៅប្រទេសឈ្លានពាន ដែលខុសស្រឡះពីជំហរម៉ឺងម៉ាត់ ដាច់ខាតរបស់រាជរដ្ឋាភិបាលក្នុងការការពារ​បូរណភាពទឹកដីរបស់ខ្លួនយ៉ាងប្តូរផ្តាច់បំផុត។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាល​តែងតែបញ្ជាក់ជំហរច្បាស់លាស់ថា កម្ពុជាការពារដាច់ខាតខ្សែព្រំដែនអន្តជាតិរវាង​កម្ពុជានិងថៃ ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ ១៩០៧ និងមិនទទួលស្គាល់ជាដាច់ខាតការកែប្រែខ្សែព្រំដែន​ណាមួយដែលកើតចេញពីការប្រើកម្លាំងដែលផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia