Connect with us

ព័ត៌មាន

ក្រសួងមុខងារសាធារណៈ គាំទ្រមណ្ឌលសុខភាពលើការពង្រីកសេវាវាស់ចែកវ៉ែនតាជូនពលរដ្ឋ

ក្រសួងមុខងារសាធារណៈ គាំទ្រមណ្ឌលសុខភាព បន្តពង្រឹងការផ្ដល់សេវា និងការបោះជំហានលើការពង្រីកសេវា វាស់ចែកវ៉ែនតាជូនប្រជាពលរដ្ឋឥតគិថ្លៃ។

លោក ស៊ុ ផានី បរិញ្ញាបត្រគិលានុបដ្ឋាក ប្រធានមណ្ឌលសុខភាព បឹងខ្យាង ស្ថិតក្នុងឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រាប់ BTV នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា មណ្ឌលសុខភាពរបស់លោក បម្រើសេវាជូនប្រជាពលរដ្ឋ ២៤ម៉ោង/២៤ម៉ោង ពេញ ៧ថ្ងៃ លើសេវាពិនិត្យជំងឺទូទៅ សង្រ្គោះបឋម ពិនិត្យផ្ទៃពោះ និងផ្ដល់វ៉ាក់សាំងជូនកុមារ។ ហើយបច្ចុប្បន្ននេះលោកសង្កេតឃើញថា ពលរដ្ឋ ភាគច្រើនមានបញ្ហាភ្នែក ព្រោះសំឡឹងគ្រឿងអេឡិចត្រូកិចច្រើន ទើបលោកដាក់ពាក្យស្នើសុំគម្រោង ទៅក្រសួងមុខងារសាធារណៈ ពីការពង្រឹងសមត្ថភាពមណ្ឌលសុខភាពឱ្យកានតែល្អ ក្នុងការបម្រើសេវាជូនពលរដ្ឋ ទាំងសេវាពិនិត្យជំងឺទូទៅ និងសេវាឯកទេស ពិសេសលើសេវាវាស់ចែកវ៉ែនតា ឥតគិតថ្លៃជូនប្រជាពលរដ្ឋ។

អ្នកស្រី វង្ស ដាវី ពលរដ្ឋរស់នៅក្នុងឃុំ បឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រាប់ថា អ្នកស្រីតែងតែមកទទួលសេវា ពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាពបឹងខ្យាង ពីព្រោះនៅមណ្ឌលសុខភាព មានគ្រូពេទ្យប្រចាំការ ២៤ម៉ោង/២៤ម៉ោង។ អ្នកស្រី ថា ការដែលមានគ្រូពេទ្យជាប់ជាប្រចាំបែបនេះ ផ្ដល់ភាពកក់ក្ដៅជូនអ្នកស្រី និងពលរដ្ឋផ្សេងៗទៀត។

ចំណែកអ្នកស្រី ឌឹម ភួង ពលរដ្ឋរស់នៅឃុំព្រែកស្លែង ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមកទទួលសេវាពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាពបឹងខ្យាង ប្រាប់ថា អ្នកស្រីតែងតែមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពនេះ។ ហើយនៅពេលទទួលដំណឹងពីការបន្ថែមសេវា វាស់ចែកវ៉ែនតា អ្នកស្រីក៏បានមកវាស់ភ្នែកនៅថ្ងៃនេះ។ អ្នកស្រី ថា ការពង្រីកសេវាលើការថែទាំភ្នែក នៅមូលដ្ឋានបែបនេះ ផ្ដល់ផលល្អយ៉ាងខ្លាំងសម្រាប់ពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ និងតាមដានបានជាប្រចាំពីសុខភាពភ្នែក។ អ្នកស្រីអរគុណការខិតខំរបស់គ្រូពេទ្យ ពិសេសប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលខិតខំអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់សេវាសុខាភិបាលពីថ្នាក់មូលដ្ឋាន ជូនពលរដ្ឋ។

សូមជម្រាបជូនថា ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានផ្ដល់ជូនជ័យលាភី ជូនថ្នាក់ដឹកនាំ ចំនួន ១០រូប មកពីវិស័យ អប់រំ និងវិស័យសុខាភិបាល សម្រាប់អនុវត្តគម្រោងនវានុវត្តន៍ នៃកម្មវិធីបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងអង្គភាពផ្ដល់សេវាសាធារណៈ ដែលជាផ្នែកមួយ នៃកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ។ ហើយគម្រោងនវានុវត្តន៍នេះ នឹងផ្ដល់អត្ថប្រយោជន៍សម្រាប់ការកែលម្អការគ្រប់គ្រង និងការលើកកម្ពស់ ការផ្ដល់សេវារបស់អង្គភាពឱ្យកាន់តែល្អប្រសើរ នឹងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia