Connect with us

ព័ត៌មាន

ស្នងការរងខេត្តបន្ទាយមានជ័យ និងជនបរទេសជាង ២០០នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប Online Scams

សមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេត ឈាន​ដល់​ការ​ឃាត់​ខ្លួន​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ម្នាក់ ​ពាក់ព័ន្ធករណីផ្តល់ទីតាំងជួយក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបានរកឃើញជនបរទេសចំនួនជាង ២០០នាក់ នៅក្នុងក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

កម្លាំងក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ អ៊ុំ សុផល ដែល​ត្រូវ​គេ​ដឹង​ថា​​ជាម្ចាស់អគារចំនួន២កន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយ​សង្ស័យថាបានផ្តល់ទីតាំងជួយឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការឃាត់​ខ្លួន​បុរស​ម្ចាស់​ទីតាំងនេះ បន្ទាប់ពីសមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងពីរកន្លែងក្នុងនោះ អគារទី១ កម្ពស់ ៥ជាន់ មាន១៧២បន្ទប់ និងហល១ និងអគារទី២ កម្ពស់ ២ជាន់ មាន៥៩បន្ទប់ និង​ហល​៤ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam)។

ជនសង្ស័យឈ្មោះ អ៊ុំ សុផល ត្រូវបាន​គេ​ដឹង​ថា​មាន​តួនាទី​ជា​ស្នង​ការ​រង​ទទួល​ផែន​នគរបាល​ការពារ​ព្រំដែន​គោកដែលមាន៤វរសេនាតូចចំណុះ។

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ច​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា (គ.ប.ឆ.ប.) ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចរកឃើញជនជាតិថៃ ១៧៤​នាក់ (ស្រី្ត ៦៧នាក់), បង់ក្លាដេស ១០នាក់ (ប្រុស), ឥណ្ឌូនេស៊ី ៨នាក់ (ប្រុស), ហ្វីលីពីន ៣នាក់ (ស្រី្ត), ចិន ២នាក់ (ប្រុស), ឥណ្ឌា ២នាក់ (ស្រី្ត ១នាក់), ម៉ាឡេស៊ី ១នាក់ (ប្រុស) ព្រមទាំងជនជាតិខ្មែរ ចំនួន២៣នាក់ (ស្រី្ត ១៥នាក់)។ បច្ចុប្បន្ននេះ ជនបរទេស​ទាំង​នោះ ត្រូវបានបញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងនៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ោយប៉ែត។ ក្នុងនោះដែរសមត្ថកិច្ចបានរឹបអូស និងដកហូតសម្ភារ​សង្ស័យ​មួយ​ចំនួន​បញ្ជូន​ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឱ្យជំនាញបន្តនីតិវិធីច្បាប់ ព្រមទាំង​បាន​សម្រេច​បិទ​ទីតាំងអគារទាំងពីរជាបណ្តោះអាសន្ន៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia