Connect with us

ព័ត៌មាន

ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា សហការគ្នារៀបចំផែនទីបង្ហាញផ្លូវ ដើម្បីគាំទ្រដល់ការអនុវត្តគន្លឹះក្នុងវិស័យអប់រំ ជាពិសេសការលើកកម្ពស់មូលធនមនុស្ស

លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ឆ្នាំ២០២៦-២០២៩ ក្នុងគោលបំណងលើកកម្ពស់សេវាបង្រៀន និងជំរុញការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានគូសបញ្ជាក់ថា ផែនទីបង្ហាញផ្លូវនេះ គឺជាក្របខ័ណ្ឌយុទ្ធសាស្ត្រដ៏រឹងមាំ ផ្ដោតសំខាន់លើការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រី ឱ្យឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ប៉ុន្តែមិនមែនបង្កើតឡើងក្នុងចេតនាទៅដោះស្រាយរាល់បញ្ហា នៃវិស័យអប់រំជារួមនោះឡើយ។

ស្មារតីនៃផែនទីបង្ហាញផ្លូវនេះ ជាការឆ្លើយតបនឹងកង្វះគ្រូ និងការជ្រើសរើសគ្រូបង្រៀនផ្អែកលើគុណវុឌ្ឍិខ្ពស់ ដើម្បីជំនួសការបង្រៀនពីរថ្នាក់ ពីរពេល ឬថ្នាក់គួប និងបំពេញបន្ថែមគ្រូឯកទេសនៅកម្រិតមធ្យមសិក្សា។ ទន្ទឹមនឹងនេះ ក៏មានការដោះស្រាយអាទិភាពជូនគ្រូជាប់កិច្ចសន្យា តាមរយៈការរៀបចំយន្តការ និងបែបបទនៃការធ្វើសមាហរណកម្មគ្រូបង្រៀនជាប់កិច្ចសន្យាទៅក្នុងក្របខ័ណ្ឌផ្លូវការ ព្រមទាំងលើកកម្ពស់គុណវុឌ្ឍិ ឋានន្តរស័ក្តិ និងថ្នាក់ ស្របតាមព្រះរាជក្រឹត្យ រួមមានការធ្វើទំនើបកម្មឌីជីថល និងអភិបាលកិច្ច ដោយបង្កើតប្រព័ន្ធឌីជីថលគ្រប់គ្រងទិន្នន័យបុគ្គលិកអប់រំឱ្យមានភាពជាក់លាក់ និងពង្រឹងសមត្ថភាពដឹកនាំ គ្រប់គ្រងសាលារៀនឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះឯកសារយុទ្ធសាស្ត្រនេះ ដែលឆ្លើយតបចំគោលដៅនៃការលើកកម្ពស់មូលធនមនុស្ស និងបានសង្កត់ធ្ងន់លើការរួមគ្នាដោះស្រាយបញ្ហាចាត់ចែងការងារ ផែនការរយៈពេលវែង បញ្ហាប្រឈមនៃកង្វះគ្រូឯកទេស ព្រមទាំងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូ។

ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលេចពីវប្បធម៌ការងាររបស់លេខាធិការដ្ឋាន គ.វ.រ. ដែលជានិច្ចកាលតែងតែរៀបចំការពិភាក្សាឱ្យបានច្រើន និងញឹកញាប់ ផ្អែកលើស្មារតីពិគ្រោះយោបល់ និងសហការគ្នាជាធ្លុងមួយ ដើម្បីផលប្រយោជន៍រួមនៃសេវាសាធារណៈ និងប្រជាពលរដ្ឋ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia