Connect with us

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន ប្រកាសលុបចេញពីបណ្តាញទំនាក់ទំនងសម្រាប់បងប្អូនណាដែលភ្ជាប់មក ដោយគ្មានការអនុញ្ញាតិ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានប្រកាសលុបចេញពីបណ្តាញទំនាក់ទំនងសម្រាប់បងប្អូនណាដែលភ្ជាប់មកសម្ដេចដោយគ្មានការអនុញ្ញាតិ។ ការប្រកាសរបស់សម្ដេចបែបនេះបន្ទាប់ពីគ្រាន់តែមួយថ្ងៃមានអ្នកផ្ញើសារមកសម្ដេចជិត២០សារ ក្នុងនោះខ្លះសុំចូលជួបផ្ទាល់ ខ្លះនិយាយរឿងលំបាកក្នុងគ្រួសារ, សុំលុយទិញផ្ទះ សុំលុយទិញម៉ូតូ ទិញរថយន្ត និងខ្លះទៀតសុំលុយបង់ថ្លៃសាលាឲ្យកូនទៅរៀននៅក្រៅប្រទេសជាដើម។

សម្ដេចតេជោ ហ៊ុន សែនបានសរសេរថា៖« បើស្រឡាញ់កុំទៅញឹក បើរឭកទៅម្តងៗ» នេះភាសារប្រៀនប្រដៅរបស់ដូនតា។

សម្ដេចតេជោបានបញ្ជាក់ថា ថ្ងៃនេះជាខួបមួយខែរបស់ចៅខ្ញុំគួរតែ រីករាយតែបែជាមិនសប្បាយចិត្តដោយ

សារថ្ងៃនេះមានសារចូលមកតាម Telegram & WhatsApp ជិត២០ ខ្លះផ្ញើសារសុំចូលជួបផ្ទាល់ខ្លះនិយាយរឿងលំបាកក្នុងគ្រួសារ និងពិសេសសុំលុយទិញផ្ទះ សុំលុយទិញម៉ូតូម្តង ២គ្រឿង ខ្លះមិនដាក់ត្រង់ទេ គឺទិញមធ្យោបាយធ្វើដំណើរតែច្បាស់ជារថយន្តហើយព្រោះគាត់មានម៉ូតូជិះហើយ និងខ្លះទៀតសុំលុយបង់ថ្លៃសាលាឲ្យកូនទៅរៀននៅក្រៅប្រទេស។ល។»។

សម្ដេចតេជោបានបញ្ជាក់ថា កន្លងមកសម្ដេចធ្លាប់ជួយសម្រាប់និស្សិតក្រីក្រឲ្យលុយជួលផ្ទះបង់ថ្លៃសាលា និងប្រាក់ខ្លះៗសម្រាប់ជីវភាពដែលរាប់រយ ឬរាប់ពាន់ដុល្លារប៉ុណ្ណោះ តែថ្ងៃនេះគិតតែមនុស្ស ៤នាក់មានតម្លៃរាប់ម៉ឺនដុល្លារ។ ថ្លៃទិញផ្ទះ ថ្លៃទិញឡាន និងម៉ូតូ និងថ្លៃបង់ថ្លៃសាលារាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំដែលវាថ្លៃជាងជំនាន់កូនៗ ខ្ញុំទៅរៀននៅក្រៅប្រទេសទៅទៀត។ ក្រៅពីរឿងលុយនៅរឿងរំខានពេលវេលា តាមរយៈផ្ញើសារស្ទើរៀងរាល់ថ្ងៃ ព្រឹកពេលកូនចេញទៅរៀនក៏ផ្ញើសារមក ពេលល្ងាចកូនចេញពីរៀនក៏ផ្ញើសារមក ទាំងសម្លេងទាំងសំណេរ។

សម្ដេចបានបញ្ជាក់ថា សព្វថ្ងៃសម្ដេច និងកូនប្រុសៗពិសេសកូនដែលធ្វើនាយករដ្ឋមន្ត្រី សម្ដេចទាក់ទងតិចណាស់ ព្រោះសម្ដេចដឹងថារវល់ណាស់។ ការងារណាដែលអាចពន្យាបានផ្អាកសិនរង់ចាំដោះស្រាយពេលក្រោយ។

សម្ដេចក៏បានសូមទោសចំពោះអ្នកដែលសុំជួបសម្ដេចផ្ទាល់ដែលសម្ដេចមិនអាចជួបបាន។ សម្ដេចបញ្ជាក់ថាប្រសិនត្រូវជួបសម្ដេចហៅមកជួបតែម្តងដូចករណីយុវសិស្ស វ៉ាន សែនវ៉ា និងគ្រួសារកាលពីជាង

១០ថ្ងៃ។

សម្ដេចតេជោបានបញ្ជាក់ថា៖«ក៏សូមជម្រាបមុនថា ខ្ញុំនឹងលុបចេញពីបណ្តាញទំនាក់ទំនងសម្រាប់បងប្អូនណាដែលភ្ជាប់មកខ្ញុំដែលគ្មានការអនុញ្ញាតិ។ ចុងក្រោយសូមរំលឹកសារជាថ្មីនូវពាក្យ ប្រដៅរបស់ដូនតាថា (បើស្រឡាញ់ទៅទៅញឹក បើរលឹកទៅម្តងៗ) ទៅលេងផ្ទះគេរាល់ថ្ងៃគេធុញទ្រាន់ និងបើផ្ញើសារមករាល់ថ្ងៃក៏គេធុញទ្រាន់ដែរ ក្នុងករណីសារនោះមិនទាក់ទេ ជាមួយការងារនៃអ្នកទទួល។ ខ្ញុំមិនគួរបញ្ចេញសារបែបនេះទេ តែបើមិនបញ្ចេញករណីបែបនេះនឹងមានបន្តហើយកាន់តែច្រើនព្រោះលេខទូរសព្វ័ខ្ញុំមានអ្នកស្គាល់កាន់តែច្រើន»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia