Connect with us

ព័ត៌មាន

មន្ទីរពេទ្យបង្អែកដង្កោ ពង្រឹងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធបង្កើនគុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋ

មន្ទីរពេទ្យបង្អែកដង្កោ បាននិងកំពុងពង្រឹងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបង្កើនការផ្តល់សេវា សុខាភិបាលជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។ ការផ្តល់សេវានេះ ត្រូវបានអះអាងថា កាន់តែមាន ប្រសិទ្ធភាព និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត ផេង ប៉ូលីន ប្រធានមន្ទីរពេទ្យបង្អែកដង្កោ មានប្រសាសន៍ថា បច្ចុប្បន្នមន្ទីរពេទ្យមានការ មមាញឹកក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខណៈប្រជាពលរដ្ឋកាន់តែមានការយល់ដឹង និងទំនុកចិត្តក្នុងការមក ប្រើប្រាស់សេវាសុខាភិបាលសាធារណៈ។ លោកបញ្ជាក់ថា មន្ទីរពេទ្យបានផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង ហើយក្រុមគ្រូពេទ្យបានខិតខំផ្តល់សេវាទៅតាមលទ្ធភាព និងសមត្ថភាពរបស់មន្ទីរពេទ្យ។

លោកបញ្ជាក់ថា មន្ទីរពេទ្យមានផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺមិនឆ្លងផ្សេងែ រួមទាំងជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺខ្លាញ់ក្នុងឈាម ដោយមានថ្នាំសង្កូវផ្គត់ផ្គង់អ្នកជំងឺគ្រប់គ្រាន់។ លោកបញ្ជាក់ដែរថា ការយកចិត្តទុកដាក់របស់មន្ទីរពេទ្យ ពិសេសរាជរដ្ឋាភិបាល ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ បានរួមចំណែកបង្កើន ទំនុកចិត្ត និងភាពជឿជាក់កាន់តែខ្លាំងពីប្រជាពលរដ្ឋ លើសេវាសុខាភិបាលសាធារណៈ។

ចំណែក ប្រជាពលរដ្ឋដែលបានមកទទួលសេវាពិគ្រោះ និងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកដង្កោ បាន សម្តែងការពេញចិត្តចំពោះសេវារបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដោយពួកគាត់បញ្ជាក់ថា ក្រុមគ្រូពេទ្យ មានភាពរាក់ទាក់ យកចិត្តទុកដាក់ និងមានការទទួលខុសត្រូវចំពោះអ្នកជំងឺ។ ជាមួយគ្នានេះ ពួកគាត់ក៏បានថ្លែង អំណរគុណដល់រាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់លើសុខភាពរបស់ពួកគាត់ ក៏ដូច ប្រជាពលរដ្ឋទូទៅ ព្រោះអាចជួយកាត់បន្ថយបន្ទុកចំណាយលើការព្យាបាលកន្លែងផ្សេង ឬឆ្ងាយពីមូលដ្ឋាន ។

ទាក់ទងបញ្ហាសុខភាពសាធារណៈនេះ មន្ទីរពេទ្យបង្អែកដង្កោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមាន បញ្ហាសុខភាព ឱ្យរួសរាន់មកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ ឬសេវាសុខាភិបាលសាធារណៈដែល នៅជិតបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។ ជាពិសេស ក្នុងរដូវវស្សា ប្រជាពលរដ្ឋត្រូវយកចិត្ត ទុកដាក់លើអនាម័យជុំវិញផ្ទះ និងកម្ចាត់ប្រភពទឹកដក់ ដើម្បីចូលរួមការពារសុខភាពសហគមន៍។

គួរបញ្ជាក់ថា ការពង្រឹងវិស័យសុខាភិបាល គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការពង្រឹង សមត្ថភាពមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតាមមូលដ្ឋាន។ ជាក់ស្តែង ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋ ដោយពេលខ្លះបានចុះពិនិត្យ និង ជួបសំណេះសំណាលជាមួយអ្នកជំងឺ និងក្រុមគ្រូពេទ្យដោយផ្ទាល់ ព្រមទាំងជំរុញការពង្រឹងសមត្ថភាព ការផ្គត់ផ្គង់ សម្ភារៈ បរិក្ខា និងថ្នាំសង្កូវ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋ៕

ដោយ ៖ ពៅយី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia