ព័ត៌មាន
វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលនៃការបង្ក្រាបបទល្មើស Online Scams នៅកម្ពុជា
ក្នុងជំនួបជាមួយលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផល នៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) របស់រាជរដ្ឋាភិបាលកម្ពុជា។
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោកសន្ដិបណ្ឌិត នេត សាវឿន ជាមួយលោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ធ្វើឡើងក្នុងឱកាសលោកដឹកនាំគណៈប្រតិភូវៀតណាម មកចូលរួមសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជំនួបនេះធ្វើឡើងនៅសាលវសនាការរបស់លោកសន្ដិបណ្ឌិត អគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង បានថ្លែងអំណរគុណដល់លោកសន្ដិបណ្ឌិត នេត សាវឿន ដែលផ្ដល់កិត្តិយសឲ្យប្រតិភូក្រសួងនគរបាលវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកបានបញ្ជាក់ថា នាពេលកន្លងមក កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសជាមួយអគ្គស្នងដ្ឋានការនគរបាលជាតិ ក្រោមការសម្របសម្រួលដឹកនាំរបស់លោកសន្តិបណ្ឌិត នេត សាវឿន កិច្ចសហប្រតិបត្តិការទទួលបានលទ្ធផលវិជ្ជមានជាច្រើន។
លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង បានលើកឡើងថា ភាគីទាំងពីរ អនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានការឯកភាពគ្នារវាងថ្នាក់ដឹកនាំ បក្សទាំងពីរ និងរដ្ឋទាំងពីរ ក្នុងការធានាសន្តិសុខ សុវត្ថិភាពសង្គម របស់ប្រទេសទាំងពីរ។ លោកបានអះអាងថា វៀតណាមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការតស៊ូប្រយុទ្ធប្រឆាំងជាមួយបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្រព័ន្ធបច្ចេកវិទ្យា ដោយកម្ពុជាក៏ត្រូវបានមិត្តអន្តរជាតិ ក៏ដូចជាប្រទេសវៀតណាមវាយតម្លៃខ្ពស់ និងមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងបន្តទទួលបានលទ្ធផលវិជ្ជមានជាច្រើន នាពេលខាងមុខ។
ជាការឆ្លើយតប លោកសន្ដិបណ្ឌិត នេត សាវឿន បានបង្ហាញនូវការពេញចិត្តពេញថ្លើមចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-វៀតណាមនាពេលកន្លងមក ទាំងការងារសន្ដិសុខ ការពារជាតិ និងវិស័យសេដ្ឋកិច្ច។ កម្ពុជាមានមោទនភាព ចូលរួមអបអរសាទរ ជាមួយវៀតណាម ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងតំបន់ ខណៈនៅពេលវៀតណាម មានការអភិវឌ្ឍរីកចម្រើន ក៏បានបំពេញទៅវិញទៅមកការរីកចម្រើនរវាងវៀតណាម-កម្ពុជា។
ចំពោះសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ផ្ដើមនៅថ្ងៃទី២៣ ខែកញ្ញាស្អែកនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានប្រាប់អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាមថា មានការចូលរួមពីបណ្ដាប្រទេសនៅតំបន់ផ្សេងៗ និងអង្គការធំៗ ក្នុងនោះមានដូចជា The International Criminal Police Organization (Interpol), FBI, UNODC-ROSEAP, មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡាងឆាង ជាដើម។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងថា ក្នុងរយៈពេលជាង១ឆ្នាំ ដែលកម្ពុជាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺរកឃើញនូវបទពិសោធន៍ដែលបង្ហាញថា ការប្រយុទ្ធប្រឆាំងបទល្មើស Online Scams មិនមែនធ្វើដោយប្រទេសណាមួយឯកឯងជោគជ័យនោះទេ ពោលការងារនេះត្រូវការកម្រិតសហការអន្តរជាតិ ព្រោះជាល្បិចកលមានការចាត់តាំងកម្រិតសកល។
ក្នុងន័យនេះ លោកសន្ដិបណ្ឌិត នេត សាវឿន បានស្នើអនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ចូលរួមជាយោបល់ ពិភាក្សា នាពេលសន្និសីទ ដោយសូមចែករំលែកបទពិសោធន៍ជាមួយគ្នា ព្រោះថាគ្រប់ប្រទេសត្រូវចូលរួមផ្តល់យោបល់ដើម្បីដោះស្រាយបញ្ហាបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដោយត្រូវរួមគ្នារកឲ្យឃើញនូវល្បិចកល បទពិសោធន៍ និងរួមគ្នាអនុវត្តទិសដៅបន្ត។ កម្ពុជាសង្ឃឹមថា សន្និសីទរយៈពេល១ថ្ងៃកន្លះនេះ នឹងទទួលបានលទ្ធផលជាផ្លែផ្កា ខណៈកម្ពុជាបានបង្ក្រាបនូវទីតាំងមជ្ឈមណ្ឌលធំៗជាច្រើន។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានថ្លែងអំណរគុណភាគីវៀតណាម ក្នុងគម្រោងជួយសាងសង់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តស្វាយរៀង។ ក្នុងនោះលោកបានកោតសរសើរចំពោះគំរូ នៃការគ្រប់គ្រងមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនរបស់វៀតណាម ដែលកម្ពុជានឹងយកអនុវត្តលើការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន៕











-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្ត្រីឧទ្យានុរក្ស បានចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពរុករក ឬបូមបង្ហូររ៉ែមាសខុសច្បាប់នៅតំបន់ជើងភ្នំជី ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីសុខាភិបាល ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧
-
ព័ត៌មាន6 days agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត