Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ បញ្ហាឆបោកតាមអនឡាញមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងប្រទេសមួយទៀតទេ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនគួរត្រូវបានប្រទេសណាមួយយកមកប្រើប្រាស់ជាឧបករណ៍សម្រាប់ប្រឆាំងនឹងប្រទេសណាមួយទៀតនោះទេ ហើយក៏មិនគួរយកគោលបំណងនៃការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកធ្វើជាលេសសម្រាប់វាយប្រហារ ឬកាន់កាប់ដែនអធិបតេយ្យរបស់ប្រទេសមួយផ្សេងទៀតនោះដែរព្រោះនេះគឺជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍នៃច្បាប់អន្តរជាតិ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជំហរបែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅរាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា បណ្ដាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានសាមគ្គីភាពរឹងមាំ ដោយសារពួកគេមានផលប្រយោជន៍ហិរញ្ញវត្ថុមហាសាល និងទទួលបានការគាំទ្រដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ កត្តាសាមគ្គីភាពនៅកម្រិតអន្តរជាតិរបស់បណ្ដាប្រទេស និងអង្គការអន្តរជាតិទាំងអស់ត្រូវតែមានភាពរឹងមាំជាងក្រុមឧក្រិដ្ឋជន ដោយមានការគាំទ្រពីយន្តការអនុវត្តច្បាប់ទំនើបប្រកបដោយប្រសិទ្ធភាព និងកិច្ចសហប្រតិបត្តិការពិតប្រាកដ។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនគួរត្រូវបានប្រទេសណាមួយយកមកប្រើប្រាស់ជាឧបករណ៍សម្រាប់ប្រឆាំងនឹងប្រទេសណាមួយទៀតនោះទេ, ផ្ទុយទៅវិញការខិតខំនៃការប្រយុទ្ធប្រឆាំងទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគួរតែជាហេតុផលសម្រាប់ប្រទេសនានាក្នុងកិច្ចសហការរួមគ្នាដោយស្មោះត្រង់ គោរពគ្នាទៅវិញទៅមក និងដោះស្រាយបញ្ហានេះដើម្បីផលប្រយោជន៍រួម ពីព្រោះមិនមានប្រទេសណាមួយអាចដោះស្រាយបញ្ហាប្រឈមឆ្លងដែននេះ (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) តែម្នាក់ឯងប្រកបដោយប្រសិទ្ធភាពនោះទេ។

តាមរយៈសុន្ទរកថាគន្លឹះសម្ដេចធិបតីបានជំរុញដល់ប្រទេសនីមួយៗ ត្រូវទទួលខុសត្រូវយ៉ាងសកម្មក្នុងការអប់រំ និងការពារប្រជាពលរដ្ឋរបស់ខ្លួន, ដាក់ចេញនូវវិធានការតឹងរ៉ឹងដើម្បីព្រមានប្រជាពលរដ្ឋអំពីការផ្ដល់ជូនការងារនៅក្រៅប្រទេសដែលមានលក្ខណៈបោកប្រាស់ និងជាអន្ទាក់នៃការឆបោកផ្នែកហិរញ្ញវត្ថុ ហើយរដ្ឋាភិបាលទាំងអស់ត្រូវធ្វើយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងសាធារណៈជាប្រចាំដើម្បីអប់រំប្រជាពលរដ្ឋអំពីល្បិចកលទម្រង់ថ្មីៗនៃការឆបោកតាមប្រព័ន្ធឌីជីថល, ការណ៍នេះដើម្បីធានាថាជនដែលងាយរងគ្រោះនឹងមិនក្លាយជាជនរងគ្រោះក្នុងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia