Connect with us

ព័ត៌មាន

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម

ព្រះសីហនុ៖ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងសមត្ថកិច្ចតាមភូមិភាគ បានស្រាវជ្រាវកំណាត់មុខសញ្ញា ឈានដល់ឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម។

ប្រតិបត្តិការនេះបានធ្វើឡើង កាលពី វេលាម៉ោង០០:១០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីទទួលបានបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំអនុប្រធាននាយកដ្ឋាន កម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

កម្លាំងជំនាញបានបញ្ជាក់ថា មុនឈានដល់ការចុះបង្ក្រាបកម្លាំងជំនាញបានដាក់បណ្តាញសម្ងាត់ជាច្រើនថ្ងៃ រហូតឈានដល់ការកំណត់មុខសញ្ញា និងកំណត់គោលដៅជាក់លាក់ និងធ្វើការចាប់ឃាត់អូប័រ ០១គ្រឿង និងមនុស្ស០២នាក់ សង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់ នៅត្រង់ចំណុចនិយាមការ N10.459741-E103.606419 ស្ថិតនៅម្តុំកោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ និងសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់រថយន្ត ចំនួន០២គ្រឿង និងមនុស្ស០៥នាក់បន្ថែមទៀត។

ក្នុងកិច្ចប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៧នាក់ និងវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅសថ្លាសង្ស័យជាសារធាតុញៀន សរុបចំនួន ៤២បាវ (ទម្ងន់ប្រមាណ ៨៤០គីឡូក្រាម)

,អូប័រ ចំនួន ០១គ្រឿង ,រថយន្ត ចំនួន ០២គ្រឿង ,ម៉ូតូ ចំនួន ០៣គ្រឿង ,អាវុធវែង ចំនួន ១០ដេីម ,អាវុធខ្លី ចំនួន ៣៩ដេីម (បង់ចំនួន១០៨បង់ គ្រាប់ ចំនួន៧,៩៣៧គ្រាប់ សុីឡង់សឺ០៨) ។

បច្ចុប្បន្ន មនុស្ស និងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដេីម្បីអនុវត្តនីតិវិធីបន្ត៕

អត្ថបទ៖ កុម្ភៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia