Connect with us

ព័ត៌មាន

កម្ពុជារៀបចំពិធីរឭកខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ដោយមានថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានាចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក នៅវិមានរដ្ឋធម្មនុញ្ញ

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅព្រឹកថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៦នេះ បាន​រៀបចំ​ពិធី​គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រម្លឹកខួបលើកទី៣៣ «ទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញា» ដោយមានគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និង​ស្ថាប័ននានា បានអញ្ជើញចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកនៅវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅរាជ​ធានី​ភ្នំពេញ​។

នៅក្នុង​ពិធីគណៈប្រតិភូមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង​កិច្ច​ការ​នារី ​បានប្រាប់BTVឲ្យដឹងថា ក្នុងនាមមន្រ្តីរាជការ និងប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជា ពិត​ជា​មានអាម្មណ៍រីករាយដែលបានចូលរួមក្នុងពិធីរម្លឹកខួបលើកទី៣៣ ថ្ងៃប្រកាសរដ្ឋធម្មនុញ្ញា ដែល​ជា​ច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូទាំងនោះបន្តថា តាមការយល់​ឃើញ​ក្នុង​រយៈពេលជាង៣០ឆ្នាំមកនេះ ប្រជាពលរដ្ឋគ្រប់​ស្រទា​ប់​វណ្ណៈ​បាន​ចូល​រួម​គោរព​រដ្ឋ​ធម្មនុញ្ញ​ ដែលបានធានាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងប្រទេស និងសិទ្ធិ​សេរីភាព​រស់​នៅ​ជា​ដើម។

គួររម្លឹកដែរថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាទិវាប្រវត្តិសាស្ត្រ ដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូល នៃ​ព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីត​ព្រះមហា​វីរ​ក្សត្រ ព្រះបរមរតនកោដ្ឋ បានឡាយព្រះ​ហត្ថ​លេខា​លើ​ព្រះរាជ​ក្រម​ប្រកាស​ឱ្យ​ប្រើ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ ហើយគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ គឺ​ជា​ខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ។

ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក ក្រោមម្លប់នៃសុខសន្តិភាព និងឯកភាព​ជាតិ អាស្រ័យដោយមាននយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះ​មហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសម្រេចសមិទ្ធផលធម្មនុញ្ញដ៏ធំធេងលើគ្រប់វិស័យ ប្រកប​ដោយ​ភាពជោគជ័យត្រចះ ត្រចង់ ដែលធ្វើឱ្យប្រជារាស្ត្រកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ ក្រោមមាគ៌ា​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia