Connect with us

ព័ត៌មាន

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន៖ ការប្រយុទ្ធ​ប្រឆាំ​ង​ឆបោក​តាម​អនឡាញ​ពុំ​អាច​មាន​ប្រទេស​ណាមួ​យ​អនុវត្ត​បាន​ជោគជ័យតែម្នាក់ឯងបានឡើយ

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុ​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៃកម្ពុជា (គ.ប.ច.ប.) បានថ្លែងថា «ការ​ប្រយុទ្ធ​ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺពុំអាចមានប្រទេសណាមួយ អនុវត្ត​បាន​ជោគ​ជ័យ​តែម្នាក់ឯងបានឡើយ ពោលគឺតម្រូវ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ពី​គ្រប់​កម្រិត​»។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងបញ្ជាក់បែបនេះ ក្នុង​ឱកាស​ចូល​រួម​ជា​អធិបតី​បិទ​ជា​ផ្លូវ​ការ​នៃ​សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ក្នុង​ឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានធ្វើការកោតសរសើរដោយស្មោះ និង​វាយ​តម្លៃ​ខ្ពស់​ជូនចំពោះ ប្រធានប្រតិភូ, បណ្តាសមាជិកប្រតិភូ, វាគ្មិនកិត្តិយស និងមន្ត្រីជាន់​ខ្ពស់​ទាំង​អស់ ​ចំពោះការចូលរួមយ៉ាងសកម្មផុសផុល នៅក្នុងសន្និសីទអន្តរជាតិ ដ៏មានសារៈសំខាន់នេះ និង​ជា​ពិសេស សម្រាប់ការចែករំលែកនូវទស្សនទានដ៏មានអត្ថន័យ ជ្រាលជ្រៅ, បទពិសោធ​យ៉ាង​ល្អ​ៗ​, ការវិភាគស៊ីជម្រៅ និងអនុសាសន៍សំខាន់ៗប្រកបដោយ គុណតម្លៃជាច្រើនអនេក ដែល​បាន​ធ្វើ​ឱ្យ​សន្និសីទអន្តរជាតិរបស់យើង បានបិទបញ្ចប់ទៅ ប្រកបដោយខ្លឹមសារ លទ្ធផលផ្លែផ្កា គួរ​ជាទី​មោទនៈ។

ឯកឧត្តមសន្តិបណ្ឌិត បានថ្លែងថា ថ្វីត្បិតតែសន្និសីទរបស់យើង ប្រព្រឹត្តទៅត្រឹម​រយៈ​ពេល​ខ្លី​ក៏​ពិត​មែន ​ប៉ុន្តែតាមរយៈសេចក្តី សង្ខេបនៃលទ្ធផលសន្និសីទ ដែលបានអានដោយ ឯកឧត្តម ផាត កុសល ​តំណាងគណៈកម្មការ រៀបចំសន្និសីទនាពេលអម្បាញ់មិញនេះ ពិតជាបាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ថា ប្រតិភូដែលបាន ចូលរួមទាំងអស់ បានចូលរួមចែករំលែកទស្សនទាន និង​បទ​ពិសោធ​ល្អៗ ដ៏មានសារៈសំខាន់ ជាច្រើនដូចជា៖ ប្រទេសបទពិសោធ​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹងប​ទ​ល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់បណ្តា ការចែករំលែកបញ្ហាប្រឈម និងនិន្នាការ​វិវឌ្ឍ​ថ្មី​ៗ​នៃ​បទល្មើស, ការកសាងភាពធន់នៃប្រព័ន្ធសន្តិសុខសាយប័រ, ការវិវឌ្ឍនិងបញ្ហាប្រឈមថ្មីៗ ដែល​កើត​មានពីបញ្ញាសិប្បនិម្មិត AI, ការចែករំលែកទស្សនទានអំពីការស៊ើបអង្កេតហិរញ្ញវត្ថុ និង​បញ្ហា​ប្រឈម​កើត​ចេញពី ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល, រាល់ខ្លឹមសារដែលបានជជែកពិភាក្សា និងចែក​រំលែក​ទាំង​អស់​នេះ សុទ្ធតែជាគន្លឹះ កូនសោដ៏សំខាន់ និងជាពិសេសបានឆ្លើយតបយ៉ាងប្រត្យក្ស ទៅ​នឹង​មូលបទរបស់យើង គឺ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា»​។

ឯកឧត្តមាបានថ្លែងថា កិច្ចពិភាក្សា និងការចែករំលែកធាតុចូលសំខាន់ៗ អំពីការប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​ឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ក្នុងរយៈពេល១ថ្ងៃកន្លះកន្លងទៅនេះ ពិត​ជា​បាន​បន្សល់​ទុក​នូវ​មេ​រៀនដ៏សំខាន់ៗ ប្រកបដោយគុណតម្លៃជាច្រើន សម្រាប់ប្រតិភូចូលរួមទាំងអស់ ប៉ុន្តែ​មេរៀន​មួយ​ដែលខ្ញុំ យល់ឃើញថា យើងពិតជាបានរៀនសូត្រ និងទទួលស្គាល់ទាំងអស់គ្នានោះ គឺ «ការ​ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺពុំអាចមានប្រទេសណាមួយ អនុវត្ត​បាន​ជោគ​ជ័យ ​តែម្នាក់ឯងបានឡើយ ពោល​គឺ​តម្រូវ​ឱ្យមាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ពី​គ្រប់​កម្រិត​» ​ដែលនេះ ក៏ជាប្រសាសន៍​ដ៏​មាន​​អត្ថន័យ ប្រកបដោយទស្សនវិស័យរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋ​មន្ត្រីផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia