Connect with us

ព័ត៌មាន

តំណាង IFC បង្ហាញពីជំហរបន្តគាំទ្រវិស័យហិរញ្ញវត្ថុកម្ពុជា ដើម្បីជីវភាពប្រជាជន និងកំណើនសេដ្ឋកិច្ច

តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បញ្ជាក់អំពីជំហរ ក្នុងការបន្តគាំទ្រវិស័យហិរញ្ញវត្ថុកម្ពុជា និងតួនាទីសំខាន់របស់វិស័យ នេះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសបង្កើតការងារសម្រាប់ស្រ្តី។

លោក Allen Forlemu នាយកក្រុមស្ថាប័នហិរញ្ញវត្ថុ និងប្រធានផ្នែកឧស្សាហកម្មប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក អមដោយ ប្រធានគ្រប់គ្រងធនាគារពិភពលោក និងប្រធានស្ថានតំណាង IFC ប្រចាំកម្ពុជា លើកឡើងក្នុងកិច្ចពិភាក្សាបានផ្លាស់ប្តូរទស្សនាទាន លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, លោកបានបង្ហាញឆន្ទៈក្នុងការ បន្តចូលរួមគាំទ្រវិស័យហិរញ្ញវត្ថុកម្ពុជារយៈពេលវែង ដោយផ្អែកលើបទពិសោធជោគជ័យ និងកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ដែលរួមមានទាំងការចូលរួមគាំទ្រ ការបង្កើតការិយាល័យឥណទានកម្ពុជា និងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ។

លោកបន្តថា ទោះបីវិស័យនេះជួបប្រទះបញ្ហាប្រឈមមួយចំនួន IFC នៅតែបន្តគាំទ្រវិស័យហិរញ្ញវត្ថុកម្ពុជា ដោយបានសង្កត់ ធ្ងន់ពីតួនាទីសំខាន់របស់វិស័យនេះក្នុងការជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសបង្កើតការងារ សម្រាប់ស្រ្តី។ បន្ថែមលើនេះ លោកក៏បានចែករំលែកអំពីយុទ្ធសាស្ត្ររបស់ IFC ក្នុងការផ្តោតលើវិស័យអាទិភាពមួយចំនួននៅកម្ពុជា ដែលអាចរួមចំណែកដល់ការជំរុញសកម្មភាពសេដ្ឋកិច្ច និងការបង្កើតឱកាសការងារ។

ជាការឆ្លើយតប, លោកជំទាវបណ្ឌិត ជា សិរី បានស្វាគមន៍ចំពោះគោលបំណងរបស់ IFC ក្នុងការបន្តចូលរួមគាំទ្រវិស័យ ហិរញ្ញវត្ថុកម្ពុជា និងបានគូសបញ្ជាក់ថា វិស័យអាទិភាពដែលកំណត់ក្នុងយុទ្ធសាស្រ្ត មានភាពស្របគ្នាជាមួយអាទិភាពអភិវឌ្ឍសេដ្ឋកិច្ច របស់កម្ពុជា។ បន្ថែមលើនេះ លោកជំទាវក៏បានរំលេចពីតួនាទីរបស់ដៃគូអភិវឌ្ឍន៍ រួមទាំង IFC ក្នុងការចូលរួមអភិវឌ្ឍវិស័យមីក្រូ ហិរញ្ញវត្ថុកម្ពុជានាពេលកន្លងមក ដែលត្រូវបានយកជាគំរូនៅកម្រិតអន្តរជាតិ និងបានលើកឡើងពីសារៈសំខាន់នៃការបណ្តុះបណ្តាល ជំនាញសហគ្រិនភាព និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងបានលើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍន៍ ពង្រឹងការគាំទ្រកម្មវិធី អប់រំហិរញ្ញវត្ថុផងដែរ។

សូមបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានោះក៏ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចការពារអតិថិជនហិរញ្ញវត្ថុ តាមរយៈក្របខណ្ឌ បទប្បញ្ញត្តិ និងយន្តការដោះស្រាយបណ្តឹងដែលមានប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់ការផ្តល់ឥណទានប្រកបដោយការទទួល ខុសត្រូវ។ IFC ក៏បានចែករំលែកវឌ្ឍនភាពនៃការពង្រឹងកិច្ចការពារអតិថិជនហិរញ្ញវត្ថុ រួមទាំងការសម្របសម្រួលដោះស្រាយបណ្តឹង និងការតាមដានការអនុវត្តស្តង់ដារពាក់ព័ន្ធនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia