Connect with us

ព័ត៌មាន

កម្ពុជាប្តេជ្ញាចិត្ត​ផ្តល់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​

ភ្នំពេញ៖ ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026)​ បានប្តេជ្ញាចិត្តខ្ពស់ក្នុងកិច្ចសហប្រតិបតិ្តការផ្នែកច្បាប់ក្នុងការប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន។

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់ខ្លួន ចំពោះអ្នកចូលរួមក្នុងសន្និសីទអន្តរជាតិ ICCOS-2026 ដែលមានតំណាងមកពី ២៧ប្រទេស ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ​ផ្នែកច្បាប់ជាមួយដៃគូអន្តរជាតិ ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម បន្តថា​ កិច្ចសហប្រតិបត្តិការនេះ ត្រូវអនុវត្តដោយគោរពច្បាប់ និងអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ព្រមទាំងផ្អែកលើការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសជាដៃគូ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និងដៃគូអន្តរជាតិមួយចំនួន ដូចជា FBI, INTERPOL និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើសដែលពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា។

​តាមរយៈសន្និសីទ ICCOS-2026 កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេស និងស្ថាប័នពាក់ព័ន្ធ ដើម្បីឆ្លើយតបចំពោះការកើនឡើងនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈឆ្លងដែន។ កិច្ចសហប្រតិបត្តិការផ្នែកច្បាប់, ការចែករំលែកព័ត៌មាន, និងការសម្របសម្រួលរវាងអាជ្ញាធរនៃប្រទេសពាក់ព័ន្ធ ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់ក្នុងការបង្ការ, ទប់ស្កាត់, និងកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មប្រភេទនេះឱ្យកាន់តែមានប្រសិទ្ធភាព៕

អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia