Connect with us

ព័ត៌មាន

យុវជនចាប់អារម្មណ៍រៀនជំនាញមេកានិច និងបច្ចេកវិទ្យាឧស្សាហកម្មច្រើន ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍ​ក្នុង​ស្រុក

យុវជនកម្ពុជាកាន់តែច្រើន ចាប់អារម្មណ៍ និងស្វែងយល់​លើ​ការ​ជ្រើស​រើស​យក​ជំនាញ​សិក្សា​លើ​មេកានិច និងបច្ចេកវិទ្យាឧស្សាហកម្ម ដើម្បីចូល រួមចំណែក និងឆ្លើយ​តប​ដល់​ការ​អភិវឌ្ឍ​តម្រូវ​ការ​ក្នុង​ស្រុក​ ខណៈកម្ពុជាកំពុងទទួលបានលំហូរលើការវិនិយោគវិស័យឧស្សាហកម្ម ជា​បន្ត​បន្ទាប់​។

យុវជនកម្ពុជាកាន់តែច្រើន កំពុងចាប់អារម្មណ៍លើការសិក្សាជំនាញមេកានិច និង​បច្ចេក​វិទ្យា​ឧស្សាហ​កម្ម ​ក្នុងការចូលរួមចំណែកកសាងធនធានមនុស្សដែលមានសមត្ថភាព ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច និងឧស្សាហកម្មជាតិ ឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារ និង​លំហូរ​វិនិយោគ​ថ្មី​ៗ​ក្នុងស្រុក ខណៈដែលកំណើននៃការវិនិយោគលើវិស័យឧស្សាហកម្ម និងរោងចក្រ បាន​បង្កើត ឱកាសការងារជាច្រើន សម្រាប់អ្នកមានជំនាញបច្ចេកទេសជាក់ស្តែង។

លោក វិធាន ខែមរដ្ឋ គ្រូបង្រៀនផ្នែកមេនិក នៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា លើកឡើងថា វិទ្យាស្ថាន​បច្ចេកទេសកម្ពុជា គឺជា កន្លែងបណ្តុះបណ្តាលពហុជំនាញ ដោយក្នុង​មួយ​ឆ្នាំ​ៗ​មា​ន​យុវជន​ចូល​រៀន​ជា​ច្រើន ក្នុងនោះសម្រាប់ជំនាញមេកានិក (Mechanical) និងបច្ចេក​វិទ្យា​ឧស្សាហ​កម្ម (Industrial Technology) គឺជាគ្រឹះដ៏សំខាន់មិនអាចខ្វះ បានក្នុងការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ទំនើប កម្មសង្វាក់ផលិតកម្ម និងការបង្កើតបច្ចេកវិទ្យាថ្មីៗ។ ជំនាញ​ទាំង​ពីរ​នេះ​ដើរ​តួនាទីជាកាតាលីករ ក្នុងការបំប្លែងគំនិតច្នៃប្រឌិតឱ្យទៅ ជាផលិតផល ឬប្រព័ន្ធ​ការ​ងារ​ជាក់​ស្តែង​ក្នុង​ពិភព​ពិត បច្ចុប្បន្នមានយុវជនជាច្រើនបានចាប់អារម្មណ៍ ជ្រើសរើសយកជំនាញទាំងនេះ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ខណៈកម្ពុជា​គឺ​ជា​ប្រទេស​មួយ​កំពុង​ទទួល​បាន​លំហូរ​វិនិយោគ​ជាបន្តបន្ទាប់ ជាពិសេស ការវិនិយោគលើឧស្សាហកម្មទំនើបៗ ដែលត្រូវ​មនុស្ស​ដែល​មាន​ជំនាញចូលរួម។

សូមបញ្ជាក់ថា ទាក់ទិនការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស, រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​បន្តជំរុញការអភិវឌ្ឍធន ធានមនុស្សលើគ្រប់វិស័យ និងបានបង្កើនគុណភាពអប់រំ និង​ការ​បណ្តុះ​បណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងទីផ្សារ ការងារ តាមរយៈ​ការ​យក​ចិត្ត​ទុក​ដាក់​លើគុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគ្រប់កម្រិត, ទាំង​ក្នុង គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន។ ការបន្តអនុវត្តគោលនយោបាយជាតិ ស្តីពី​ការ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ដោយ ផ្តោតជាពិសេសលើការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ប្រកប​ដោយ​ចំណេះដឹង និងជំនាញ ដើម្បីក្លាយជាធនធានជន្ទល់ សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច និង​រក្សាភាពប្រកួតប្រជែងរបស់ជាតិ តាមរយៈការជំរុញអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ កម្ម​វិធីបង្កើនសមត្ថភាពជំនាញ កម្មវិធីលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពការគ្រប់គ្រង ការ​ទទួល​ស្គាល់​ជំនាញ​គ្នាទៅវិញទៅមកក្នុងតំបន់អាស៊ាន និងការទទួល- ស្គាល់សមត្ថភាពពីមុន និង​សមត្ថភាព​បច្ចុប្បន្នរបស់កម្មករ-និយោជិត និងពលករទេសន្តរប្រវេសន៍ ដើម្បីធានាថា “ប្រជាពលរដ្ឋ​ម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia