Connect with us

ព័ត៌មាន

ក្រុមឧក្រិដ្ឋជនអនឡាញស្គេមបំបែកខ្លួនរត់ទៅជ្រកតាមទីតាំងតូចៗ អាជ្ញាធរប្តេជ្ញាតាមកម្ទេចឲ្យអស់ពីមូលដ្ឋានខ្លួន

ភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនអនឡាញស្គេម បាននឹងកំពុងបំបែកខ្លួនរត់ទៅជ្រកតាមទីតាំងតូចៗ អាជ្ញាធរប្តេជ្ញាតាមកម្ទេចឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន ។

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ពិសេសជម្រុញលើការងារបង្ក្រាបបទល្មើស Online Scams ក្នុងមូលដ្ឋាន ក្រោមវត្តមានដឹកនាំប្រជុំដោយលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សាខណ្ឌជាច្រើនរូបទៀតផងដែរ ។

លោកជា ខេមា អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ៖ ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ជាបទល្មើសអន្តរជាតិ ដែលបានហៀរសាយភាយចូកមកក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែសម្តេចប្រមុខថ្នាក់ដឹកនាំ មិនបានបណ្តោយឲ្យបទល្មើសនេះ អាចមានជីវិតរស់រានបានទៀតនោះឡើយ គឺកំពុងបន្តយុទ្ធនាការបោសសម្អាតយ៉ាងខ្លាំងខ្លា ឈានដល់ការទទួលបានលទ្ធផលវិជ្ជមានខ្ពស់ រហូតអាចរៀបចំសន្និសីទអន្តរជាតិកាលពីពេលថ្មីៗ បង្ហាញប្រាប់ពិភពលោកពីឆន្ទៈដ៏មុតស្រួចរបស់កម្ពុជា ក្នុងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនេះ ។

លោកអភិបាលខណ្ឌបន្តថា ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ទាំង១១ បានបន្តយកចិត្តទុកដាក់ខ្ពស់ លើការអនុវត្តបញ្ជាលេខ០១ និងអនុក្រឹត្យលេខ០៣របស់សម្តេចប្រមុខថ្នាក់ដឹកនាំ ត្រួតពិនិត្យតាមទីតាំងស្នាក់នៅប្រមូលផ្តុំទាំងអស់ គ្រាដែលក្រុមឧក្រិដ្ឋជនអនឡាញស្គេម បានបំបែកខ្លួនចេញពីទីតាំងជួលការស្នាក់នៅធំៗ ហើយព្យាយាមរត់ទៅពួនជ្រកតាមទីតាំងតូចៗ តាមរូបភាពមួយចំនួនតាមដែលពួកគេអាចធ្វើទៅបាន ដើម្បីបន្តសកម្មភាពប្រព្រឹត្តិបទល្មើសរបស់ខ្លួនបន្ត ។

ឧក្រិដ្ឋជនមានបំប្លែងខ្លួនទៅតាមទីតាំងតូចៗ ក្រោមរូបភាពដូចជា ៖ ផ្ទះជួល ឬបន្ទប់ជួលតូចៗ , សំណង់អគារកំពុងសាងសង់ ឬទុកចោល , ដីឡូតិ៍ដែលទំនេរ , ប្រព្រឹត្តិបទល្មើសក្នុងរថយន្ត ឬមធ្យោបាយធ្វើដំណើរទាំងឡាយណា ដែលអាចបិទបាំង ឬបន្លំភ្នែកអាជ្ញាធរមានសមត្ថកិច្ចបានជាដើម ។

លោកអភិបាលខណ្ឌ បន្ថែមថា ៖ ការអនុវត្តត្រួតពិនិត្យបានធ្វើជាប្រចាំទាំងពេលថ្ងៃ និងពេលយប់ ក្នុងករណីអាជ្ញាធរពិនិត្យឃើញមានការសង្ស័យ នឹងសុំគោលការណ៍ទៅកាន់ថ្នាក់ដឹកនាំ ដើម្បីដឹកនាំបញ្ជា និងសុំការអនុញ្ញាតសម្របសម្រួលនីតិវិធីច្បាប់ពីស្ថាប័នអយ្យការ ដើម្បីចុះពិនិត្យរាល់ទីតាំងណា ដែលកំពុងលួចលាក់ប្រព្រឹត្តិបទល្មើសអនឡាញស្គេម ។ ហើយបើរកឃើញថា មានបទល្មើសអនឡាញស្គេម កម្លាំងមានសមត្ថកិច្ចនឹងមានវិធានការច្បាប់ជាធរមាន ។

គួរជម្រាបថា ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសន្និសីទអន្តរជាតិ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ICCOS ដែលទើបនឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ បានបង្ហាញពីសុឆន្ទៈខ្ពស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូរអន្តរជាតិសំខាន់ ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើម្បីបោសសម្អាតអនឡាញស្គេម ដែលវាជាបទល្មើសអន្តរជាតិ និងចាំបាច់ទាមទារឲ្យមានការចូលរួមពីដៃគូរពាក់ព័ន្ធ ទើបការបោសសម្អាតអាចសម្រេចលទ្ធផលបានជោគជ័យ គ្រាដែលកម្ពុជាបាននឹងកំពុងបង្ក្រាបបទល្មើសនេះយ៉ាងក្តៅគគុកក្នុងដែនដីរបស់ខ្លួន បើទោះបីជាក្រុមឧក្រិដ្ឋជន ព្យាយាមប្រើល្បិចកល និងប្រើគ្រប់រូបភាពដើម្បីព្យាយាមប្រើប្រទេសកម្ពុជាជាទីជម្រកសម្រាប់ការធ្វើបទល្មើសក៏ដោយ ៕ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia