Connect with us

ព័ត៌មាន

ពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ

អាកាសយានដ្ឋានអន្តរជាតិតេជោ TIA កំពុងរៀបចំពិព័រណ៍ទេសចរណ៍២០២៦ រយៈពេល៥ថ្ងៃ ចាប់​​ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញានេះ បំណងបង្ហាញភាពសម្បូរបែប ផលិតផល​ទេសចរណ៍​កម្ពុជា ពិសេសសេវាកម្មធ្វើដំណើរកម្សាន្ត សេវាស្នាក់នៅ សេវាកម្មធនាគារ និងផលិតផល​ក្នុង​ស្រុក​នានា​ទៀត ដែលអាចទ្រទ្រង់គាំទ្របាន​នៅ​ពេល​មាន​កំណើន​កើន​ឡើង​យ៉ាង​គំហុក​នៃ​អ្នក​ដំណើរ​អន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា។

បណ្ដាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ បានឱ្យដឹងថា កម្មវិធីតាំងពិព័រណ៍ទេសចរណ៍ក្នុងរយៈពេល២ថ្ងៃមកនេះ គឺមានអ្នកដំណើរអន្តរជាតិ ដែលអញ្ជើញដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមានការចូលសាកសួរព័ត៌មាន ស្វែងរកការកក់ទិញសេវាកម្មធ្វើដំណើរ ស្នាក់នៅសណ្ឋាគារ សេវាកម្មធនាគារ និងកញ្ចប់ទេសចរណ៍ធ្វើដំណើរកម្សាន្តទេសចរណ៍នានាទៀត នៅក្នុងប្រទេសកម្ពុជា ពិសេសសម្រាប់អាណិកជនខ្មែរ គឺមានការសាកសួរកក់ទិញកញ្ចប់ទេសចរណ៍ធ្វើដំណើរកម្សាន្តអំឡុងថ្ងៃឈប់សំរាកបុណ្យភ្ជុំបិណ្ឌជិតឈានចូលមកដល់។

ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកបង្ហាញការពេញចិត្តដោយមានពិព័រណ៍ទេសចរណ៍នៅក្នុងអាកាសយានអន្តរជាតិតេជោ TIA មានអ្នកដំណើរអន្តរជាតិផ្តោតការសាកសួរព័ត៌មានស្វែងរកសេវាកម្មស្នាក់នៅ និងការធ្វើដំណើរកម្សាន្តទេសចរណ៍ច្រើននៅតាមគោលដៅទេសចរណ៍នានា។

អ្នកដំណើរអន្តរជាតិបានថ្លែងថា ពិព័រណ៍ផលិតផលទេសចរណ៍ មានសំខាន់ខ្លាំងសម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់គ្នា ជាពិសេសនៅពេលចុះពីយន្តហោះភ្លាម គឺផ្តល់ភាពងាយស្រួល ភ្ញៀវអាចចូលសាកសួរព័ត៌មានការកក់ទិញកញ្ចប់ទេសចរណ៍ ដើម្បីមកស្នាក់នៅ ធ្វើដំណើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នានានៅកម្ពុជា បង្កើនភាពទាក់ទាញទេសចរអន្តរជាតិមកទស្សនាម្តងហើយមកម្តងទៀត។

នៅក្នុងឱកាសបើកពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA នេះដែរ ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោ TIA បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រៅពីផ្តល់សេវាកម្មទទួលអ្នកដំណើរអន្តរជាតិចេញចូលកម្ពុជា គឺអាកាសយានដ្ឋានក៏មានតួនាទីធំៗជាច្រើនទៀត ដែលត្រូវចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងសមាគន៍ទេសចរណ៍នានាទៀត អនុវត្តកម្មវិធីនានាជាយុទ្ធសាស្ត្រ ដើម្បីឈានទៅរកការទាក់ទាញអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាឲ្យកាន់តែច្រើន ។

ឧកញ៉ា ឆារស៍ វ៉ាន់ បន្តថា តាមរយៈកម្មវិធីពិព័រណ៍ទេសចរណ៍២០២៦ ចំនួន៥ថ្ងៃនេះ នឹងទាក់ទាញអ្នកដំណើរអន្តរជាតិទស្សនា សាកសួរព័ត៌មានច្រើនពីការតាំងពិព័រណ៍នេះ ហើយរំពឹងថា កម្មវិធីនេះ នឹងចំណែកផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក ហើយនឹងមានជំរុញបង្កើនជើងហោះហើរត្រង់ពីតាមបណ្តាប្រទេសលើពិភពលោកមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia