ព័ត៌មាន
ការបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំដំបូងបង្អស់នៅកម្ពុជា ដើម្បីអភិរក្សប្រភេទសត្វជិតផុតពូជបំផុត
តំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុ សំដៅលើតំបន់ការពារបង្កើតឡើងជាពិសេសដើម្បីអភិរក្សពូជនៃប្រភេទសត្វ ឬរុក្ខជាតិសំខាន់នានា ជាពិសេសរក្សាទីកំណើតនៃប្រភពពូជដើម ដែលកម្រជិតផុតពូជ ឬមានសារៈសំខាន់ជាសាកល។

ប្រទេសកម្ពុជាបានបង្កើតតំបន់អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ «បឹងវាលវែង» ជាផ្លូវការ និងជាលើកដំបូងបង្អស់ ក្នុងគោលបំណងអភិរក្សភាពសម្បូរបែប នៃធនធានពន្ធុនៃប្រភេទសត្វជិតផុតពូជបំផុតនេះ ដែលជាជំហានថ្មីមួយក្នុងប្រវត្តិសាស្ត្រនៃការអភិរក្សសត្វព្រៃនៅប្រទេសកម្ពុជា។ តំបន់អភិរក្សនេះ នឹងផ្តល់នូវការការពារស្របច្បាប់យ៉ាងពេញលេញដល់ទីជម្រកក្នុងតំបន់ប្រព័ន្ធអេកូឡូស៊ីដើមសម្រាប់ក្រពើភ្នំពងកូន ធានាថាប្រភេទនេះអាចបន្តពូជ និងលូតលាស់នៅក្នុងធម្មជាតិបាន និងគាំទ្រដល់ ការអភិរក្ស យូរអង្វែងនៅក្នុងតំបន់នេះ។
ក្រសួងបរិស្ថានបានចេញប្រកាស ស្តីពី ការបង្កើតតំបន់អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ «បឹងវាលវែង» ក្នុងគោលបំណងការពារដោយស្របច្បាប់នូវផ្ទៃដីទំហំប្រមាណ ៣១៥ហិកតា ១១អា ដែលជាជម្រកពងកូនរបស់ក្រពើភ្នំ ធំជាងគេបំផុតក្នុងពិភពលោក ដោយវត្តមានសត្វក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតចំនួនប្រមាណជាង ៤០ក្បាល មានទីតាំងស្ថិតនៅទំនាបបឹងវាលវែង
ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិសាត់ និងជាផ្នែកមួយនៃតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។
ការបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុក្រពើភ្នំនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការអភិរក្សអន្តរជាតិ(CI) និងអង្គការសត្វព្រៃ និងរុក្ខជាតិ(Fauna & Flora) ជាមួយនឹងអាជ្ញាធរ និងសហគមន៍មូលដ្ឋាន ដែលបង្ហាញអំពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន ធានាបាននូវការការពារយូរអង្វែងសម្រាប់ប្រភេទនេះនៅកម្ពុជា។
អ្នកវិទ្យាសាស្រ្តរកឃើញវត្តមានក្រពើភ្នំឡើងវិញនៅតំបន់អូរសោមកាលពីឆ្នាំ២000 ក្រោមកិច្ចសហការរវាង រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសត្វព្រៃ និង រុក្ខជាតិ។
ចាប់តាំងពីពេលនោះមក រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងសហគមន៍មូលដ្ឋាន ដោយមានការគាំទ្របច្ចេកទេសពី អង្គការសត្វព្រៃ និងរុក្ខជាតិ បានអនុវត្តកម្មវិធីស្តារប្រភេទនេះពីការផុតពូជដោយផ្តោតលើការការពារទីជម្រក និងការបង្កាត់ពូជក្រពើភ្នំសុទ្ធហើយប្រលែង ចូលទៅក្នុងធម្មជាតិវិញ ប្រកបដោយជោគជ័យចាប់តាំងពីឆ្នាំ ២០១២មក។

នៅចុងឆ្នាំ២០២៣ ដោយមើលឃើញពីភាពចាំបាច់ក្នុងការពារប្រភេទកម្រមួយនេះ អង្គការ CI កម្ពុជា សហការជាមួយរាជរដ្ឋាភិបាលផ្តួចផ្តើមដំណើរការរៀបចំបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុ ក្រពើភ្នំ តាមរយ:កិច្ចពិគ្រោះយោបល់ជាសាធារណៈ និងចុះពិនិត្យផ្ទាល់ជាមួយភាគីពាក់ព័ន្ធទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ខេត្ត រួមមានអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងសមាជិកសហគមន៍ផង។ ជាមួយគ្នានេះដែរ ក្រុមការងារបានប្រើប្រាស់ទិន្នន័យតាមដានក្រពើភ្នំរបស់អង្គការសត្វព្រៃ និង រុក្ខជាតិ ក្នុងការកំណត់ទំហំតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុក្រពើភ្នំ និងពិភាក្សា និងទទួលបានការគាំទ្រពីអ្នកពាក់ព័ន្ធក្នុងការបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុក្រពើភ្នំ ដែលឈានដល់ការចេញ សេចក្តីប្រកាសផ្លូវការនៅក្នុងឆ្នាំនេះ។
លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិ កម្ពុជា (CI) បានលើកឡើងថា៖ «នេះជាសមិទ្ធផលដែលផ្អែកលើភាពជាដៃគូរយៈពេលជាងពីរទសវត្សមកនេះក្នុងការការពារ តំបន់ជួរភ្នំ ក្រវាញកណ្តាល ដែលជាព្រៃរងទឹកភ្លៀងចុងក្រោយមួយនៅតំបន់អាស៊ីអាគ្នេយ៍។ តាំងពីដើមមកយើងបានធ្វើការជាមួយ រាជរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងដៃគូដើម្បីការពារតំបន់ទេសភាពនេះ ហើយការបង្កើតតំបន់ការពារទីជម្រក និងអភិរក្ស ប្រភពដើមធនធានពន្ធុក្រពើភ្នំ ថ្ងៃនេះនឹងជួយថែរក្សា និងការពារកេរដំណែលនេះតទៅមុខទៀត។

តាមរយៈការការពារទីជម្រកចុងក្រោយនៃក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតនេះយើងមិនត្រឹមតែជួយសង្គ្រោះប្រភេទដ៏សំខាន់នេះពីការផុតពូជប៉ុណ្ណោះទេ ប៉ុន្តែយើងក៏កំពុងគាំទ្រសហគមន៍ជនជាតិដើមភាគតិច ការពង្រឹងការ អនុវត្តច្បាប់ និងការពារភាពចម្រុះនៃធនធានពន្ធុរបស់ប្រភេទនេះ និងជីវៈចម្រុះផ្សេងទៀតនៅក្នុង តំបន់ដីសើម ធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយផងដែរ»។
លោកបណ្ឌិត ហម ច័ន្ទដេត នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) បាន រៀបរាប់ថា៖ «ការកើនឡើងនៃចំនួនក្រពើភ្នំនៅក្នុងធម្មជាតិ គឺជាភាពជោគជ័យដ៏ធំមួយនៅក្នុង វិស័យអភិរក្ស។ យ៉ាងណាមិញ ខណៈពេលដែលប្រភេទនេះកំពុងបន្តកើនឡើងនៅក្នុងធម្មជាតិ យើងមិនអាចធ្វេសប្រហែស បានឡើយ។ ការគំរាមកំហែងដល់ទីជម្រករបស់ប្រភេទនេះកំពុងបន្តកើនឡើង ដែលយើងត្រូវតែពង្រឹសកម្មភាពក្នុងការបន្តការពារសត្វដ៏កម្រនេះ។ តំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុ ក្រពើភ្នំនេះគឺជាជំហានដ៏សំខាន់មួយទៅក្នុងទិសដៅដ៏ត្រឹមត្រូវ។ អូរសោមដែលជាទីជម្រកដើមដែលយើងរកឃើញឡើងវិញនូវប្រភេទក្រពើភ្នំកាលពីឆ្នាំ២០០០ នឹងក្លាយជាទីតាំងដ៏សំខាន់់ក្នុងការការពារ និងអភិរក្សក្រពើភ្នំ និងប្រភេទសត្វផ្សេងទៀត»។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ «ការបង្កើតតំបន់អភិរក្សនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងបេសកកម្មរយៈពេលវែងរបស់យើងដើម្បីសង្គ្រោះសត្វក្រពើភ្នំដែលកំពុងប្រឈមនឹងការផុតពូជ។ តាមរយៈកម្មវិធីបង្កាត់ពូជ និងស្តារក្រពើភ្នំទៅក្នុងធម្មជាតិរបស់ក្រសួងកសិកម្ម យើងបានប្រលែងក្រពើភ្នំត្រឡប់ទៅកាន់ជម្រកធម្មជាតិរបស់វាវិញដោយជោគជ័យដើម្បីបង្កើនចំនួនរបស់វាឡើងវិញ។
ការផ្តល់ការការពារស្របច្បាប់ដល់ក្រពើភ្នំនៅក្នុងតំបន់ជាទីជម្រកពងកូនរបស់សត្វនេះ គឺជាសក្ខីភាពបង្ហាញថា នៅពេលដែលក្រសួង ដៃគូ និងសហគមន៍ រួមសហការគ្នា យើងអាចសម្រេចសមិទ្ធផលដែលជាឧត្តមប្រយោជន៍រួមសម្រាប់មនុស្សជាតិនិងធម្មជាតិបាន។ ការអភិរក្សប្រភេទសត្វដ៏កម្រនេះ មិនត្រឹមតែជាកាតព្វកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើការពង្រឹងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើមដ៏សម្បូរបែបរបស់កម្ពុជាសម្រាប់កូនចៅជំនាន់ក្រោយ»។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «បឹងវាលវែងគឺជា តំបន់ការពារទីជម្រកនិងអភិរក្សប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំដំបូងបំផុតរបស់ប្រទេសកម្ពុជា ដែលមានចំនួនប្រភេទនេះច្រើនជាងគេនៅលើពិភពលោក។

តំបន់អូរសោម គឺជាទីជម្រកដ៏សំខាន់បំផុតមួយសម្រាប់ប្រភេទសត្វកម្រៗ ហើយការកំណត់យកតំបន់នេះជាតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុក្រពើភ្នំបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងការធានានូវការរស់រានតជំនាន់នៃសត្វក្រពើភ្នំ តាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ជាពិសេសសសរស្តម្ភទី២ «ភាពបៃតង» យុទ្ធសាស្រ្តការពារធនធានធម្មជាតិ
ជំហានទី២ (២.១) ក្នុងការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ការពារ ស្តារធនធានធម្មជាតិ និងការអនុវត្តច្បាប់។
កាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ អ្នកស្រាវជ្រាវបានរកឃើញសំបុកក្រពើភ្នំញាស់ក្នុងធម្មជាតិ ដែលមានពងសរុប ចំនួន១៧ គ្រាប់ នៅតំបន់វាលវែង (ឃុំអូរសោម) ដែលបង្ហាញថាតំបន់នេះ គឺជាកន្លែង
បង្កាត់ពូជធម្មជាតិដ៏សំខាន់ ដែលតម្រូវឱ្យមានការការពារពីច្បាប់ជាបន្ទាន់។
គួរដឹងដែរថា តំបន់នេះស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៃក្រសួងបរិស្ថាន ដោយមានការចូលរួមសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ សហគមន៍មូលដ្ឋាន អង្គការអភិរក្សអន្តរជាតិ (CI) និងអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora)៕




-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា