Connect with us

ព័ត៌មាន

ការចរចាប្រាក់ឈ្នួលឆ្នាំ២០២៧ មិនទាន់ឈានដល់ចំណុចព្រមព្រៀង​នៅឡើយទេ​គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា

គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចពិភាក្សាជុំវិញការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២៧ មិនទាន់ឈានដល់ការព្រមព្រៀងគ្នាជាឯកច្ឆន្ទនៅឡើយទេ។

នៅក្នុងកិច្ចប្រជុំទ្វេភាគី កាលពីថ្ងៃម្សិលមិញ រវាងសហជីពតំណាងកម្មករនិយោជិត និងភាគីនិយោជក លោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានឱ្យដឹងថា ការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមារវាងភាគីទាំងពីរ គឺនៅបន្តរក្សាជំហររៀងៗខ្លួននៅឡើយ។ ទោះបីជាមានការពិភាក្សាយ៉ាងលម្អិតទៅលើផលប៉ះពាល់ និងបញ្ហាប្រឈមផ្សេងៗទៀតក៏ដោយ ប៉ុន្តែរាល់លទ្ធផលទាំងអស់មិនទាន់ត្រូវបានចាត់ទុកជាផ្លូវការនោះទេ។

លោក គឹម ចាន់សំណាង បានបញ្ជាក់បន្ថែមថា ភាគីទាំងអស់បានជជែកដេញដោលយ៉ាងច្រើនលើបញ្ហាប្រឈមនានា ប៉ុន្តែតួលេខគឺនៅរក្សាដដែល មិនទាន់មានការប្រែប្រួល ឬឯកភាពណាមួយជាផ្លូវការនោះទេ ដោយត្រូវរង់ចាំជួបគ្នាបន្តទៀតនៅដើមសប្តាហ៍ក្រោយ។

គួររម្លឹកទៀតថា គិតត្រឹមកិច្ចប្រជុំត្រីភាគី លើកទី៣ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិភាក្សាកំណត់តួលេខប្រាក់ឈ្នួលកម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ភាគីសហជីព តំណាងកម្មករនិយោជិតនៅតែបន្តរក្សាតួលេខស្នើសុំដំឡើងចន្លោះពី ២២៥,៣ដុល្លារ ទៅ ២៥០,៦៦ ដុល្លារអាម៉េរិក ដោយផ្អែកលើកត្តាជីវភាព អតិផរណា និងការកើនឡើងនៃតម្លៃទំនិញនៅលើទីផ្សារ។ ដោយឡែក ភាគីនិយោជក នៅតែបន្តរក្សាជំហរដដែលលើតួលេខ ២១០ដុល្លារអាម៉េរិក ក្រោមហេតុផលថា ដោយសារកន្លងទៅ តំណាងភាគីនិយោជក បានបន្ថែមប្រាក់ចំនួន ២,៥ដុល្លារ សម្រាប់ជួយសម្រួលបន្ទុកចំណាយ សោហ៊ុយធ្វើដំណើររួចហើយ។

ទោះជាយ៉ាងណា កិច្ចប្រជុំចរចាកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ថានឹងត្រូវដំឡើង ឬយ៉ាងណានោះ ត្រូវរង់ចាំលទ្ធផលចុងក្រោយនៅក្នុងកិច្ចប្រជុំត្រីភាគីបន្តទៀត ដែលនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញាខាងមុខនេះ ក្រោមការសម្របសម្រួលពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia