Connect with us

ព័ត៌មាន

កម្ពុជាសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះថ្នាក់ដឹកនាំរវ៉ាន់ដា​មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ

នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស ​និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Olivier J.P. Nduhungirehe រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋរវ៉ាន់ដា ក្នុងឱកាស​នៃការ​អញ្ជើញ​ចូល​រួម​កិច្ច​ពិភាក្សា​ទូទៅ​នៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

រដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះសន្ទុះ នៃ​ការ​រីក​ចម្រើន​ទំនាក់​ទំនង​កម្ពុជា-​រវ៉ាន់ដា ក្នុងស្មារតីនេះ កម្ពុជាសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំរវ៉ាន់ដា ក្នុង​ការ​អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែល​កម្ពុជា​នឹង​ធ្វើ​ជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ភាគីទាំងពីរបានរំលឹកឡើងវិញនូវជំនួបប្រកបដោយផ្លែផ្កាកន្លងមក ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​ផ្លូវ​ការ ​និងការចូលរួមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើក​ទី៤៦ ដែលបានប្រព្រឹត្តិទៅក្នុង ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគីហ្គាលី និងការ​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈនៃ​ការ​យោគ​យល់​គ្នា​ស្តីពី​ការ​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភា​គី​រវាង​ក្រសួង​ការ​បរទេសទាំ​ងពីរ និងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។

ជាមួយគ្នានេះ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ផងដែរ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia