Connect with us

ព័ត៌មាន

បណ្តាវត្តអារាមនៅក្នុងរាជធានីភ្នំពេញតុបតែងលម្អរួចរាល់ត្រៀមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

បណ្តាវត្តអារាមនៅក្នុងរាជធានីភ្នំពេញ បានតុបតែងលម្អរួចរាល់ត្រៀមពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលចាប់ផ្តើមពីថ្ងៃទី២៧ខែកញ្ញាស្អែកនេះតទៅ រហូតដល់ថ្ងៃទី១១ខែតុលា ឆ្នាំ២០២៦។

ព្រះបវរសត្ថា ហួរ សារិទ្ធិ គ្រូសូធ្យស្តាំវត្តលង្កាព្រះកុសុមារាម ស្ថិតនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ មានសង្ឃដីកាប្រាប់BTVថា ដើម្បីត្រៀមទទួលពុទ្ធបរិស័ទចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលចាប់ផ្តើមពីថ្ងៃស្អែកតទៅ វត្តលង្កាព្រះកុសុមារាមបានតុបតែងលម្អរួចរាល់ដែលក្នុងនោះមានដូចជា៖ សង់ជារោងសម្រាប់ទទួលពុទ្ធបរិស័ទ និងកន្លែងពូនភ្នំខ្សាច់ជាដើម។

ព្រះគ្រូព្រម្មរក្ខិតវង្ស ពេជ្រ ប៉ន គ្រូសូធ្យស្តាំវត្តមហាមន្រ្តី មានសង្ឃដីកាប្រាប់BTVដែរថា អាជ្ញាធរក្នុងមូលដ្ឋានសង្កាត់អូឡាំពិក និងគណៈកម្មការវត្តមហាមន្រ្តី បានប្រជុំរៀបចំដាក់ផែនការរួចរាល់ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋមកកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅវត្តមហាមន្រ្តី។

ដើម្បីថែរក្សាបរិស្ថាន អនាម័យ នៅតាមវត្តអារាមក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យបរិស្ថាន បានស្នើដល់គណៈកម្មការ អាចារ្យវត្ត និងប្រជាពលរដ្ឋ សូមញែកសំរាម និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់សេវាកម្មប្រមូលសំរាមមកយកសំរាមទាំងនេះទៅទុកតាមទីលានចាក់សំរាម។ កន្លងមក ក្រសួងបានផ្តល់ធុងដាក់សំរាមសម្រាប់ញែកសំណល់ ជាពិសេសសំណល់ប្លាស្ទិក ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាព ជនភៀសសឹកសរុបជាង៣ម៉ឺនធុង។ តាមការគ្រោងទុក នៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន នឹងផ្តល់ជូនធុងសំរាមឱ្យបានដល់គ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពទាំងអស់នៅទូទាំងប្រទេស។

គួរបញ្ជាក់ដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងប្រារព្ធទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។ ពិធីបុណ្យនេះ មានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ព្រោះជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រជារាស្ត្រខ្មែរទាំងអស់មិនថា នៅទីជិត ឬទីឆ្ងាយ បានធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារ ញាតិមិត្ត និងចូលរួមធ្វើបុណ្យតាមប្រពៃណីនៅតាមលំនៅឋាន និងវត្តអារាម។ លើសពីនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាពេលវេលាដែលប្រជារាស្ត្រខ្មែរបង្ហាញនូវកតញ្ញូតាធម៌គោរពប្រតិបត្តិចំពោះអ្នកមានគុណ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិសន្តានដែលបានលាចាកលោកនេះទៅហើយ៕ អត្ថបទ៖ សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia