Connect with us

ព័ត៌មាន

កម្ពុជាបន្តមានកំណើនសត្វត្មាត ក្រោមកិច្ចខិតខំប្រឹងប្រែងអភិរក្ស

ក្រសួងបរិស្ថាន និងអង្គការដៃគូនានា បានសហការប្រារព្ធទិវាទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ នៅថ្ងៃទី២៦ ខែកញ្ញានេះ នៅអង្គការដើម្បីភាពញញឹមនៃកុមារ PSE បំណងជំរុញគ្រប់ភាគីទាំងអស់ ជាពិសេស អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងខេត្តគោលដៅ រួមគ្នា ថែរក្សា ការពារអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រឱ្យមានកំណើនឡើងវិញ ខណៈចំនួនត្មាននៅកម្ពុជាកំពុងកើតឡើង។

លោក ហ៊ុង ចំណាន ប្រធាននាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប បានឱ្យដឹងថា វត្តមានសត្វត្មាត បានចាប់ផ្តើមមានកំណើនពី១៦៣ក្បាល រហូតដល់ជិត២០០ក្បាល នៅឆ្នាំ២០២៦នេះ ហើយបច្ចុប្បន្នក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងសហការយ៉ាងសកម្មជាមួយដៃគូជាតិ អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងថែរក្សា ការពារអភិរក្សសត្វត្មាតឲ្យមានកំណើនឡើងវិញ ខណៈបច្ចុប្បន្ន នៅក្នុងតំបន់អាស៊ីគ្នេយ៍ គឺមានតែប្រទេសចំនួនបីប៉ុណ្ណោះរួមមាន ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលមានវត្តមានសត្វត្មាត។

លោក ប៊ូ វរសក្ស នាយកប្រតិបត្តិអង្គការជីវិតធម្មជាតិនៅកម្ពុជា ថ្លែងជារៀងរាល់ឆ្នាំកម្ពុជា តែងតែចូលរួមជាមួយពិភពលោក ប្រារព្វទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ បំណង អប់រំ និងផ្សព្វផ្សាយព័ត៌មានដល់សិស្សានុសិស្ស និងគ្រូបង្រៀនE អំពីមុខងារ និងតួនាទីដ៏សំខាន់របស់សត្វត្មាតទាំងបីប្រភេទនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានសត្វត្មាត ចំនួន៣ប្រភេទ រួមមាន ត្មាតត្នោត, ត្មាតភ្លើង និងត្មាតផេះ ក្នុងបញ្ជីក្រហមរបស់ IUCN ជាប្រភេទដែលងាយរងគ្រោះថ្នាក់ជិតផុតពូជ ហើយភាគច្រើន គឺមាននៅតាមបណ្តាខេត្តភាគឦសានកម្ពុជា។

នៅបច្ចុប្បន្ននៅក្នុងតំបន់អាស៊ី មានប្រទេសចំនួន៧ប៉ុណ្ណោះ ដែលមានវត្តមានសត្វត្មាត រួមមាន៖ ប្រទេសឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាសដេស កម្ពុជា ឡាវ និងប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នកម្ពុជា ជាប្រទេសប្រធានក្រុមការងារអភិរក្សសត្វត្មាត គឺបាននិងកំពុងជំរុញប្រទេសឡាវ និងមីយ៉ាន់ម៉ា ចូលរួមជាសមាជិកក្រុមការងារអភិរក្ស  ខណៈបច្ចុប្បន្នសត្វត្មាតដែលបំលាស់ទីជម្រកទៅតាមបណ្តាប្រទេសទាំងនេះ កំពុងប្រឈមការគំរាមកំហែងធ្ងន់ធ្ងរ រួមមាន ការបំពុល ការបរបាញ់ខុសច្បាប់ ការបាត់បង់ទីជម្រក កង្វះប្រភពអាហារ និងការកាប់បំផ្លាញព្រៃឈើ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia