Connect with us

ព័ត៌មាន

ជំនន់ស្ទឹងសង្កែបណ្ដាលឱ្យប៉ះពាល់ផ្ទះពលរដ្ឋនៅស្រុកឯកភ្នំជាង ៣ពាន់ខ្នង និង​ដំណាំ​ជាង ៣ពាន់​ហិកតា

បាត់ដំបង៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុក និង​ជា​ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ បានបន្តដឹកនាំកម្លាំង​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាលស្រុក ចុះពិនិត្យស្ថានភាព​ទឹកជំនន់​ស្ទឹងសង្កែ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ផ្ទះ​បង​ប្អូន​ប្រជា​ពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំជាច្រើន។

គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកស្ទឹងសង្កែ​ក្នុង​ភូមិ​សាស្រ្ត​ស្រុក​ឯកភ្នំ​បណ្ដាល​ឱ្យ​ប៉ះពាល់លើឃុំចំនួន៥ ក្នុងនោះប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៣០៧០ខ្នងផ្ទះ ស្មើនឹង ៣ ៦៣១គ្រួសារ,វត្តអារាម៧វត្ត, សាលារៀនចំនួន ១៤សាលា​, មណ្ឌល​សុខភាព ១​មណ្ឌល, ហេដ្ឋា​រចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៨៥ទីតាំងសរុបប្រវែងប្រមាណ ៣៥ ២៤០ម៉ែត្រ​,​ដំណាំ​សរុប​ចំនួន ៣ ៣០៤ ហិកតាក្នុងនោះដំណាំស្រូវប្រមាណ ៣ ២៣៨ហិកតា ខូចខាត ៣៥៨​ហិកតា និងដំណាំរួមផ្សំប្រមាណ ៦៦ហិកតា ខូចខាតប្រមាណ ២ហិកតា។

លោកអភិបាលស្រុកបានបន្តដាក់បទបញ្ជាដល់អាជ្ញាធរ និងកងក​ម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ត្រូវ​ត្រៀម​លក្ខណៈកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​បាន​ទាន់​ពេល​វេលា ក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាពទឹកជំនន់​បន្ត​វិវ​ត្ត​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ជាយ​ថា​ហេតុ។

សូមជម្រាបថា គិតត្រឹមល្ងាចថ្ងៃទី២៦ កញ្ញា ទឹកស្ទឹងសង្កែនៅចំណុចទំនប់សាលាតាអន នៅ​តែ​បន្ត​ហក់​ឡើង​ដល់​កម្រិត​កម្ពស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដូច្នេះ​សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​រ​ស់​នៅ​តាម​បណ្ដោយស្ទឹ​ងសង្កែ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសកុមារតូច៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia